(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «យើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការពិនិត្យតាមដាន យកចិត្ដទុកដាក់ ដោះស្រាយបញ្ហាប្រឈម ហើយយើងទាំងអស់គ្នាត្រូវតែជម្នះ ដោះស្រាយដោយមិនអល់ឯក ឬរង់ចាំ ដើម្បីយកទៅអនុវត្ដន៍ បន្ដនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពបន្ថែមទៀត សម្រាប់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់»។
រដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញបើកសន្និបាត សុខាភិបាល លើកទី៣៩ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិញដៅ ឆ្នាំ២០១៨ និងឆ្នាំបន្ដៗទៀត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ នាសណ្ឋាគារ សូហ្វីតែល ។
រដ្ឋមន្ដ្រីបានថ្លែងទៀតថា « យើងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពបន្ដ ក្នុងការអនុវត្ដន៍វិធីសាស្ដ្រការងារ និងត្រៀមលក្ខណៈជានិច្ច ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានា ឲ្យបានឆាប់រហ័ស គ្រប់ប្រភេទ និងទាន់ពេលវេលា ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់»។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក៏បានថ្លែងកោតសរសើរ និងអរគុណដល់មន្ដ្រីគ្រប់លំដាប់ថា្នក់នៃក្រសួង ពិសេសដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលចូលរួមចំណែក យកចិត្ដទុកដាក់តាមតួនាទីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ និងទទួលបានសមិទ្ធផលដ៏ល្អ ក្នុងការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋរបស់យើង ប្រកបដោយប្រសិទ្ធភាព ស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុនសែន ។
គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃបិទសន្និបាតក្រសួងសុខាភិបាល លើកទី៣៩ បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨ និងឆ្នាំបន្ដៗទៀត គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ៕