(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងបុរាណសម័យ គឺអ្នកនាង ខាត់ សុឃីម និងអ្នកនាង ពេជ្រសោភា រួមជាមួយតារាចម្រៀងក្នុងផលិតកម្មហង្សមាស ជាច្រើនទៀតបានសម្តែងរួមគ្នា ក្នុងរឿងមួយដែលមានចំណងជើងថា «បិសាចគួរអោយស្រឡាញ់» ត្រូវគេកត់សម្គាល់ថា ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីឈុតឆាកដែលបានដាក់ផ្សាយជាសាធារណៈនោះ ត្រូវបានកាត់បង្ហោះនៅលើបណ្ដាញយូធូប ហើយមានអ្នកចែកចាយ និងគាំទ្រយ៉ាងច្រើន។
នៅក្នុងសាច់រឿងតម្រូវអោយ អ្នកនាងខាត់ សុឃីម សម្ដែងតួកាចឆ្នាស់ឆ្នើម ខណៈដែលពេជ្រ សោភា សម្ដែងជាតួស្លូត បែបរឹងមាំ ហ៊ានតតាំងដើម្បីការពារខ្លួន នៅពេលដែលអ្នកនាង ខាត់ សុឃីម ធ្វើបាបម្តងៗហើយម្ដងទៀត ដែលធ្វើឲ្យរឿងនេះទទួលបានការសរសើរពីការសម្តែង និងអ្នកដឹកនាំរឿងនេះ មិនតិចទេពីទស្សនិកជន។
លោក ឌៀប សុណ្ណាតារា ម្ចាស់ផលិតកម្មRed Picture ដែលជាអ្នកផលិតរឿងនេះ អោយហង្សមាស បានអះអាងថាលោកបានសម្រេចជ្រើសរើស តួសម្តែងយ៉ាងយកចិត្តទុកដាក់ ដោយតំណែង អ្នកនាង ខាត់ សុឃីម និងអ្នកនាងពេជ្រ សោភា សម្ដែងជាតួគូរជម្លោះជាមួយគ្នា បន្ទាប់ពីភាពយន្តនេះដាក់បញ្ចាំងបានប៉ុន្មានភាគ ក៏ឮតែគេនិយាយពីការសម្ដែងរបស់អ្នកពីរច្រើន តាំងពីបានដាក់ផ្សាយនៅហង្សមាស ធ្វើឲ្យលោកសប្បាយចិត្តដែលរឿងលោកដឹកនាំទទួលបានការគាំទ្រច្រើន។
លោកថា ភាពយន្តនេះបានចំណាយពេល ផលិតអស់ច្រើន សរុបទាំងអស់៦០ភាគ ទើបផ្សាយបាន៣ភាគប៉ុណ្ណោះ កាលពីសប្ដាហ៍មុន តែសន្ទុះគាំទ្រគឺមានខ្លាំង។ លោកថាបណ្ដាលមកពីតួអង្គសំខាន់ៗ នៅក្នុងរឿងនេះ ជាពិសេសគឺអ្នកនាង ពេជ្រ សោភា និងខាត់ សុឃីម សុទ្ធតែជាតារា ដែលមានអ្នកគាំទខ្លាំងក្លា រៀងខ្លួនប៉ុណ្ណោះ។ លោកកាន់តែសប្បាយចិត្តថែមទៀត ក្រោយពីឈុតឆាករបស់ភាពយន្តនេះ ត្រូវគេកាត់ចេញពីទូរទស្សន៍យកទៅបង្ហោះព្រោងព្រាតលើយូធូប ហើយមានអ្នកទស្សនា និងចែកចាយខ្លាំង៕