(បាត់ដំបង)៖ កំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ ត្រូវធ្វើពិធីបើកការដ្ឋានសាងសង់ ឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់។
ខាងក្រោមនេះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានហៅការស្ថាបនា និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបង ទៅសិរីសោភ័ណ គឺជាសមិទ្ធផលថ្មីមួយទៀតកើតចេញ ពីការប្រឹងប្រែងរួមគ្នា ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកថា ទឹកដីខេត្តបាត់ដំបង គឺជាទឹកដីសមរភូមិក្នុងជម្លោះរវាងខ្មែរ និងខ្មែរផងដែរ ពោលរហូតដល់ឆ្នាំ១៩៩៤ សង្គ្រាមនៅបន្តកើតមាននៅឡើយ រវាងកងកម្លាំងរដ្ឋាភិបាលរដ្ឋកម្ពុជា ជាមួយកងទ័ពខ្មែរក្រហម។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កិច្ចចរចាទីក្រុងប៉ារីសមិនបានបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់ខ្មែរទាំងស្រុងនោះឡើយ ពោលសង្គ្រាមផ្ទៃក្នុងរបស់ខ្មែរ បានបញ្ចប់ដោយបាត់ដៃរបស់ខ្មែរ មិនមែនបាត់ដៃរបស់បរទេសនោះឡើយ។
* សម្តេចនាយករដ្ឋមន្ត្រីថា អ្នកប្រវត្តិសាស្ត្រត្រូវទទួលស្គាល់អំពីការប្រឹងប្រែងទៅបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់ខ្មែរ មិនត្រូវនិយាយត្រឹមតែកិច្ចចរចាទីក្រុងប៉ារីសនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយឈ្នះឈ្នះដោយដាក់ចេញលក្ខខណ្ឌ៣ចំណុច សម្រាប់ទាហានខ្មែរក្រោមដែលព្រមចុះចូល (ធានាអាយុជីវិត និងការរស់រៀន, រក្សាមុខតំណែងតួនាទីដដែល និងរក្សាកម្មសិទ្ធិទ្រព្យសម្បត្តិ) បានធ្វើឲ្យពលរដ្ឋខ្មែរទទួលបានផលប្រយោជន៍ប្រមាណ២០ឆ្នាំហើយ ហើយតំបន់ខ្លះទៀតមានរយៈពេល ២២ឆ្នាំហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណខ្មែរគ្រប់ភាគីទាំងអស់ ដែលបានប្រឹងប្រែងអនុវត្តន៍នយោបាយឈ្នះឈ្នះឲ្យទទួលបានជោគជ័យ ឈានទៅបញ្ចប់ភ្លើងសង្គ្រាម និងស្វែងរកសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ន។
* ពីលើវេទិកាបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាច្រើននូវរឿងរ៉ាវផ្ទុះសង្គ្រាម និងការវាយប្រហារ យ៉ាងស្រួចស្រាវរវាងខ្មែរ និងខ្មែរ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា អតីតកាលខ្មែរគឺឈឺចាប់ខ្លាំងណាស់ ទម្រាំស្វែងរកឃើញសុខសន្តិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បន្តថា បើមិនស្គាល់ពីដំណើររបស់ខ្លួន ហើយមិនដឹងថា ខ្លួនដល់កន្លែងណា ហើយត្រូវធ្វើអ្វីបន្តទេនោះ មិនអាចនិយាយគ្នាយល់នោះឡើយ។
* សម្តេចតេជោ បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៥នេះ មិនមែនសាងសង់ និងពង្រីកត្រឹមតែពីក្រុងបាត់ដំបង ទៅក្រុងសិរីសោភ័ណនោះទេ ពោលពីកំពង់ឆ្នាំង មកពោធិ៍សាត់ និងពីពោធិ៍សាត់ ទៅបាត់ដំបង ក៏ត្រូវសាងសង់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសន្តិភាពនៅតែមានតម្លៃសម្រាប់ជាតិកម្ពុជាសម្រាប់ការអភិវឌ្ឍជាតិឲ្យកាន់តែរីកលូតលាស់ទៅមុខទៀត មិនមែនបញ្ចប់ការអភិវឌ្ឍត្រឹមដំណាក់កាលនេះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាថែរក្សាសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាពីមុនធ្លាប់ជាប្រទេសត្រូវការកងកម្លាំងរក្សាសន្តិភាពមកជួយថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេស តែបច្ចុប្បន្នកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីជួយថែរក្សាសន្តិភាពនៅប្រទេសដទៃ។
* សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ដំណើរប្រជាធិបតេយ្យនៅកម្ពុជានៅតែបន្តទៅមុខ ហើយការបោះឆ្នោតនៅតែបន្តធ្វើតាមកាលកំណាត់ដោយគ្មានការលុបចោល ដូចនៅតាមបណ្តាប្រទេសមួយចំនួននោះឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ ដែលត្រូវរំខានដោយដំណើរការ នៃការសាងសង់កំណាត់ផ្លូវនេះ ហើយពេលសាងសង់រួចរាល់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវ នឹងទទួលបានផលប្រយោជន៍ច្រើនជាងគេ។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏សូមឲ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាទៅមុខបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖១៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។ សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News៕