(បាត់ដំបង)៖ កំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបង ទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត ៨៥គីឡូម៉ែត្រ នឹងត្រូវធ្វើពិធីបើកការដ្ឋានសាងសង់ឲ្យកាន់តែរឹងមាំកម្រិត AC និងពង្រីកឲ្យកាន់តែធំនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ។

ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងរាប់ពាន់នាក់។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៨នេះថា កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរីសោភ័ណ ដែលបើកការដ្ឋានសាងសង់នេះជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) កម្រាស់ ១៥សង់ទីម៉ែត្រ និងពង្រីកឲ្យកាន់តែធំជាងពេលបច្ចុប្បន្ន ដែលមានទទឹងរហូតដល់ ២៣ម៉ែត្រ មាន ០៤គន្លង ដោយមានសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល។

បើតាមលោកទេសរដ្ឋមន្ត្រី ក្រៅពីការស្តារឲ្យកាន់តែប្រសើរ និងពង្រីកកំណាត់ផ្លូវនេះឲ្យកាន់តែធំហើយនោះ ក៏មានការសាងសង់ផ្លូវវាងក្រុង ០២ខ្សែប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ។ ក្នុងនោះផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូម៉ែត្រ។

លោក ស៊ុន ចាន់ថុលបាន ឲ្យដឹងទៀតថា គម្រោងខាងលើគ្រោងចំណាយថវិកាសរុបប្រមាណ ១៩,៩៨៨លានយេនជប៉ុន ស្មើនឹង ១៨៥លានដុល្លារអាមេរិក។ ចំណាយពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រី បានគូសបង្ហាញថា ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់ខេត្តចំនួន០៦ កាត់តាមខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលមានសក្តានុពល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ និងភស្តុភារកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ៥ មានភាពមមាញឹកខ្លាំង និងជាចំណែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ និងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពលរបស់មហាអនុតំបន់មេគង្គ GMS ដែលតភ្ជាប់គ្នារវាងទីក្រុងបាងកក ទីក្រុងភ្នំពេញ និងទីក្រុងហូជីមិញ។

បើតាមលោក ស៊ុន ចាន់ថុល ប្រទេសជប៉ុនបានចាត់ទុកផ្លូវជាតិលេខ៥ ជាផ្លូវជាតិមានសក្តានុពលលេខ១របស់កម្ពុជា គឺជារបៀងសេដ្ឋកិច្ចកើត-លិចទី២ ដ៏សំខាន់ និងមានការប្រកួតប្រជែងខ្លាំងសម្រាប់ពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ច នៃមហាអនុតំបន់មេគង្គ GMS។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដោយមើលឃើញពីសារសំខាន់នៃផ្លូវនេះ មានភាពមមាញឹក និងស្ថានភាពខូចខាត របស់ផ្លូវ ព្រមទាំងការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិត និងពង្រីកកំណាត់ផ្លូវជាតិលេខ៥នេះជា ០៤គន្លង ចាប់ពីស្ពានព្រែកក្តាម ក្នុងស្រុកពញាឮ ខេត្តកណ្តាល រហូត ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមលោក ស៊ុន ចាន់ថុល បន្ទាប់ពីសាងសង់រួច ផ្លូវជាតិលេខ៥នេះ នឹងក្លាយទៅជាផ្លូវមួយដ៏ទំនើប មានភាពរឹងមាំ និងទូលាយ ដែលអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននានាឲ្យកាន់តែឆាប់រហ័ស។ ជាងនេះទៀតការធ្វើឲ្យប្រសើរឡីងនៃផ្លូវនេះ នឹងជួយឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ កាន់តែមានជីវភាពប្រសើរជាងមុន និងជួយទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនបន្ថែមទៀតមកកម្ពុជាផងដែរ។

សូមបញ្ជាក់ថា​ ចាប់ពីឆ្នាំ១៩៩៣ រហូត​ដល់​បច្ចុប្បន្ន ជប៉ុនបានផ្តល់នូវបច្ចេកទេស និងជំនួយឥត​សំណង ព្រមទាំង ​ហិរញ្ញប្បទានដ៏​ច្រើន​សន្ធឹក​​សន្ធាប់​​សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើន ក្នុងទិសដៅ ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា លើវិស័យសាធារណការ និង​ដឹកជញ្ជូន ជប៉ុនបានស្តារ និងសាងសង់ផ្លូវ ចំនួន ៣ ខ្សែ (ផ្លូវជាតិលេខ៦, ផ្លូវជាតិលេខ៧, និងផ្លូវជាតិលេខ១) ប្រវែងសរុប ២៥៤,៣ គីឡូម៉ែត្រ ប្រើប្រាស់ថវិកា​ប្រមាណ ១៨៩​,១ លានដុល្លារអាមេរិក ។

គម្រោង កំពុងសាងសង់ ចំនួន ១ខ្សែ (ផ្លូវជាតិលេខ៥) មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ប្រមាណ ៥០០ លានដុល្លារអាមេរិក ។

ស្ពានធំៗ ដែលបានជួសជុលតភ្ជាប់ឡើងវិញ ​និងសាងសង់រួច ចំនួន ៣ (ស្ពានជ្រោយចង្វារ ស្ពានគីហ្សូណា ស្ពានត្សឹបាសា) ប្រវែងសរុប ៤,៥៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ២១០ លានដុល្លារអាមេរិក និងស្ពានកំពុងជួសជុលទ្រង់ទ្រាយធំ ចំនួន១​ គឺស្ពានជ្រោយ​ចង្វារ ប្រវែងសរុប ១,០៨០ម៉ែត្រ ចំណាយថវិកា ប្រមាណ ៣០ លានដុល្លារអាមេរិក ។

នៅឆ្នាំ១៩៩២ ជប៉ុនក៏បាន​ស្តារ ​និងតភ្ជាប់ ឡើងវិញ​​ ​នូវស្ពាន​​ជ្រោយ​ចង្វារ​ ដែលត្រូវបាន​បំផ្លាញ​និងកាត់ផ្តាច់ដោយសង្រ្គាមក្នុងអំឡុងឆ្នាំ១៩៧២៕