(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា អាទិភាពសំខាន់របស់កម្ពុជា គឺការរក្សាឲ្យបាននូវសន្តិភាព ស្ថិរភាពដែលជាលក្ខខ័ណ្ឌចម្បង និងចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្ស។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកងារងារ រវាងលោក និងលោក Kentaro Sonoura ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទើបចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះ លោក ប្រាក់ សុខុន បានបកស្រាយលម្អិតជម្រាបជូន លោក Kentaro Sonoura អំពីសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា និងបានគូសបញ្ជាក់ច្បាស់ថា «ការចាត់វិធានការរបស់ស្ថាប័ននីតិប្បញ្ញត្តិ ប្រតិបត្តិ និងតុលាការកន្លងមក គឺផ្អែកលើអង្គហេតុច្បាស់លាស់ និងច្បាប់ជាធរមាននានារបស់កម្ពុជា ក្នុងគោលដៅទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅកម្ពុជា តាមវិធីមិនប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ ការពារឯករាជ្យ និងអធិបតេយ្យ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ហើយនឹងដើម្បីរក្សាសន្តិភាព ស្ថិរភាព ដែលកម្ពុជាទទួលបានដោយការតស៊ូដ៏លំបាកវេទនាខ្លាំងក្លាបំផុត»៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសទាំងស្រុង៖