(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ប្រមាណជិត១០០គ្រួសារបានទទួលទឹកធ្វើស្រែប្រាំងលើកទី២បន្តទៀតពីក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ដោយគ្មានគិតកម្រៃនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។
ជាមួយនឹងការទទួលបានទឹកប្រើប្រាស់សម្រាប់ស្រោចស្រពលើដីស្រែបង្កបង្កើនផលនោះ លោកនួន ប៊ុនហៀង អាយុ៤៦ឆ្នាំ ជាប្រជាកសិករនៅភូមិដងគោម តំណាងប្រជាពលរដ្ឋក្នុងតំបន់តាត្រៃ បានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នាសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអេង ឌីប៉ូ អភិវឌ្ឍន៍ហើយពិសេសបំផុតសូមថ្លែងនូវអំណរអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអនុញ្ញាតអោយក្រុមហ៊ុន អេង ឌីប៉ូមកអភិវឌ្ឍន៍វិស័យកសិកម្មដំណាំស្រូវក្រអូបធម្មជាតិនៅឃុំកំពង់អុសនេះ។
លោកបន្តថា មូលហេតុដែលពួកគាត់ដឹងគុណនិងអរគុណសម្តេចតេជោហ៊ុន សែន មកពីក្រុមហ៊ុន អេង ឌីប៉ូអភិវឌ្ឍន៍តែងតែបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៅក្បែរគម្រោងដូចជាការផ្ដល់ទឹក ផ្ដល់ពូជស្រូវ ផ្តល់ជី ផ្ដល់ដីអោយធ្វើស្រែដោយមិនគិតថ្លៃជារៀងរាល់ឆ្នាំតាំងពីក្រុមហ៊ុនចាប់ដំណើរការជាង១០ឆ្នាំមកហើយនោះ។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះពួកគាត់ទាំងអស់គ្នាបានទទួលការផ្ដល់ទឹកពីក្រុមហ៊ុនដោយមិនគិតថ្លៃអ្វីឡើយ។ ជាការពិតដីស្រែជាង១៥០ហិចតារបស់ពួកគាត់ដើមឡើយគ្មានទឹកសម្រាប់ប្រើប្រាស់ទេដោយមិនអាចធ្វើស្រែប្រាំងបាន២ដងឡើយ។ ប៉ុន្តែជាង១០ឆ្នាំមកនេះចាប់តាំងពីក្រុមហ៊ុនអេងឌីប៉ូ មកអភិវឌ្ឍន៍តំបន់នេះមក ធ្វើអោយពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ដើម្បីបន្តការដាំដុះដំណាំស្រូវរដូវប្រាំងលើកទី២ក្នុងតំបន់តាត្រៃនិងតំបន់ត្រពាំងឈូក (ក្រៅទំនប់ជ្រុងខាងជើង) សម្រាប់ធ្វើការស្រោចស្រពដំណាំស្រូវបាន២ដងរហូតទទួលទិន្នផលសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាព។ ហេតុនេះហើយទើបពួកគាត់មកស្នើសុំទឹកពីក្រុមហ៊ុន ហើយក្រុមហ៊ុនក៏ជួយផ្តល់ទឹកបូមបញ្ចូលស្រែតាមសំណើ ដោយមិនគិតថ្លៃអ្វីឡើយរហូតប្រមូលផល។
យោងតាមសំណើខាងលើ លោកគឹម ហេង តំណាងក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍បានសម្រេចផ្តល់ទឹកជូនប្រជាពលរដ្ឋភ្លាមៗ ដោយបានចាត់ក្រុមការងារបើកទឹកបង្ហូរចូលប្រឡាយមេ ហើយមានការចូលរួមអបអរសាទរនិងសប្បាយរីករាយពីប្រជាពលរដ្ឋ។
កសិករឈ្មោះអ៊ុង ធឿន ភេទស្រីអាយុ៥៦ឆ្នាំបានឱ្យដឹងថា ដីស្រែគាត់បានលក់ជូនលោកឧកញ៉ាឌី ប៉ូ រួចហើយ តែលោកឧកញ៉ាបានប្រគល់ដីនេះឱ្យគាត់ធ្វើស្រែបណ្តោះអាសន្នរយៈពេល៣ឆ្នាំមកហើយ ថែមទាំងបានផ្តល់ជីផ្ដល់ពូជស្រូវទឹកធ្វើស្រែប្រាំងបាន២ដង
ក្នុងមួយឆ្នាំៗដែលបានជួយសម្រាលដល់បន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់បានមួយកម្រិតធំ។
កសិករឈ្មោះ នួន ប៊ុនហៀង បានបញ្ជាក់ថាជាការពិតចាប់តាំងពី សម្តេចតេជោហ៊ុន សែន បានអនុញាតឱ្យក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍ មកវិនិយោគលើវិស័យកសិកម្មដំណាំស្រូវក្រអូបនៅតំបន់នេះ បានធ្វើឱ្យមានការអភិវឌ្ឍន៍និងមានជីវភាពធូរធាជាលំដាប់ហើយជារៀងរាល់ឆ្នាំប្រជាពលរដ្ឋតែងតែស្នើសុំទឹកធ្វើស្រូវប្រាំងពីលោកឧកញ៉ាឌី ប៉ូ ហើយលោកក៍បានផ្តល់ជូនតាមសំណើដោយមិនគិតកម្រៃ គិតថ្លៃប្រេងអ្វីឡើយ ។
លោក នួន ប៊ុនហៀង បានបន្តថា «ដោយសារតែគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនេះហើយ ពួកគាត់ទាំងអស់គ្នាសូមគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីអោយសម្តេចតេជោ បានបន្តដឹកនាំរាជរដ្ឋាភិបាលនៅអណត្តិបន្តបន្ទាប់ទៀត»។
កសិករឈ្មោះ នៅ សុផាត ភេទប្រុសអាយុ៥១ឆ្នាំមានដី២ហិកតាក្បែរគម្រោងអភិវឌ្ឍន៍ ក៏មិនខុសនឹងលោកនួន ប៊ុនហៀងដែរបានថ្លែងអំណរគុណដល់លោកឧកញ៉ាឌី ប៉ូ ដែលបានផ្តល់ទឹកដល់ពួកគាត់សម្រាប់ធ្វើស្រូវប្រាំងដំណាក់កាលទី២និងសូមអរគុណដល់ដល់សម្តេចតេជោហ៊ុន សែន ដែលបានអនុញាតឱ្យក្រុមហ៊ុនវិនិយោគនៅទីនេះ ជំរុញឱ្យមានការរីកចម្រើនជាលំដាប់។
កសិករឈ្មោះ យឹម យន ភេទប្រុសអាយុ៣៦ឆ្នាំ បានបញ្ជាក់ថា តាំងពីក្រុមហ៊ុនក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅតំបន់នេះ លោកឧកញ៉ាឌី ប៉ូ បានធ្វើប្រព័ន្ធធារាសាស្ត្រ ផ្លូវខ្វាត់ខ្វែង បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ដឹកជញ្ជូនកសិផលដោយងាយស្រួល។ ពួកគាត់សូមបដិសេធទាំងស្រុងមិនដូចពាក្យរចចាមអារាមខ្លះថា ក្រុមហ៊ុនអេង ឌីប៉ូអភិវឌ្ឍន៍បានរារាំងកសិករមិនឱ្យចេញចូលឆ្លងកាត់ក្នុងតំបន់អភិវឌ្ឍនោះឡើយ៕