(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង សូមចូលរួមរំលែកទុក្ខជូន លោកជំទាវ ជួន គឹម ចំពោះការទទួលមរណភាពរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជរាពាធ។
ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានចាត់ទុកថា «មរណភាពរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន ជាទីគោរពស្រឡាញ់ គឺជាការបាត់បង់ បិតា ជីតា ជីតាទូត ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្ដោសប្រណីដ៏ថ្លៃថ្លា និងជាឥស្សរិយជន ដែលក្នុងជីវិតរបស់ នាយឧត្តមសេនីយ៍ ឯម សំអាន បានពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិនជំនះ រាល់ឧបសគ្គនានា ក្នុងការបម្រើជាតិមាតុភូមិ និងដើម្បីក្រុមគ្រួសារ»។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕