(ភ្នំពេញ)៖ សព្វថ្ងៃប្រជាពលរដ្ឋខ្មែរទំាងក្នុង និងក្រៅប្រទេសកំពុងមានជាចម្ងល់អំពីទង្វើភិក្ខុទ្រុស្ដសីល ប៊ុត ប៊ុនតិញ បន្ទាប់ពីឮកិច្ចសម្ភាសន៍ជាមូយនឹងវិទ្យុអាស៊ីសេរី ដែលកាលពីពេលថ្មីៗនេះភិក្ខុរូបនេះ បានថ្លែងដោយគ្មានសីលនឹងឥរិយាបថជាសង្ឃថា អាត្មាបានប្រើមន្ដអាគមធ្វើឲ្យស្លាប់លោកអភិបាលខេត្ដកំពង់ឆ្នាំង នឹងអ្នកដទៃផ្សេងៗទៀត។
តើភិក្ខុ ប៊ុត ប៊ុនតិញ ប្រើមន្ដអាគមសម្លាប់ជីវិតមនុស្ស គឺជាអ្វី?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះករណីភិក្ខុ ប៊ុត ប៊ុនតិញ បួសជាសង្ឃហើយប្រើ មន្ដអាគមដើម្បីសម្លាប់ជីវិតមនុស្ស ឬក៏ធ្វើឲ្យអន្ដរាយដល់អ្នកដទៃនោះគឺភិក្ខុអង្គនេះ ពុំមែនជាសង្ឃទៀតនោះទេគឺជា «ធ្មប់»។
ពីព្រោះក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាព្រះអង្គសុខចិត្ដឲ្យស្លាប់ខ្លួន តែពុំឲ្យដាច់សីលនោះទេ ដូចជាព្រះអង្គសសបណ្ឌិតទន្សាយបានដាក់ទានសាច់ដើម្បី បំពេញទានបារមីជាដើម។ ដោយហេតុថា បើដាច់សីល ជាមាគ៌ានំាឲ្យកើតក្នុងអបាយភូមិផ្សេងៗ។
ស្ថិតក្នុងន័យនេះ បានសេចក្ដីថា បើជាភិក្ខុ ហើយជ្រកក្រោមម្លប់ព្រះពុទ្ធសាសនា គឺភិក្ខុទំាងនេះប្រៀបដូចជា ព្រះយ៉ាងដូច្នោះដែរ ដោយគ្រាន់តែមួយព្រះពុំមានរូបរាង (ព្រះបរមគ្រូ) និងមានរូបរាង (ភិក្ខុឬសង្ឃម្នាក់ៗ) នេះឯង។ បានន័យថាក្នុងនាមជាភិក្ខុតំណាងឲ្យសង្ឃសាវកព្រះអង្គ គឺត្រូវធ្វើអំពើល្អដោយសុចរិតទៀងត្រង់ទំាង ខ្លួនឯង និងអ្នកដទៃ ពិសេសត្រូវបំពេញមុខនាទីខ្មាសបាប ខ្លាចបាប ទំាងកាយ វិចារ ចិត្ដ។
លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនានេះទៀតសោត កុំសូម្បីតែសកម្មភាព សូម្បីតែពាក្យសំដីក៏យ៉ាងដូច្នោះដែរ ព្រោះពាក្យសំដីក៏មាន ឥទ្ធិពលដូចគ្នាផងដែរ។ បើដូចនេះចំពោះភិក្ខុអង្គណាពោលវិចារ ឬក៏ប្រព្រឹត្ដអ្វីៗដោយពុំខ្លាចបាបនោះទេ គឺភិក្ខុអង្គនេះ មិនខុសកាលពីជំនាន់ព្រះពុទ្ធអង្គ ដែលទ្រង់បានសម្ដែងនៅក្នុងគាថាធម្មបទ អំពីទង្វើរបស់ព្រះទេវទត្ដយ៉ាងដូច្នោះដែរ។ ដោយក្នុងនោះព្រះអង្គ បានសម្ដែងយ៉ាងដូច្នេះថា នាសម័យថ្ងៃមួយ ព្រះទេវទត្ដ បានយកស្បង់ចីវរ ព្រះអង្គ មកស្លៀកពាក់ដើម្បីសម្លាប់សត្វដំរី រហូតស្ទើរផុតពូជយ៉ាងដូច្នោះដែរ។ ដោយស្ថិតត្រង់ចំណុចនេះហើយ ទើបព្រះអង្គបានទូន្មានប្រាប់ យើងថា បើភិក្ខុអង្គណាពោរពេញដោយកិលេសតណ្ហា មិនប្រកាន់ធម៌សច្ចៈនោះទេ គឺភិក្ខុនោះ ពុំសមគួរនឹងស្លៀកដណ្ដប់សំពត់ស្បង់ចីវរនេះទ្បើយ។
ដោយហេតុស្ថិតត្រង់ចំណុចនេះដែរ ដូនតាខ្មែរយើងក៏បានពោលទុកជាបណ្ដំប្រាប់យើងបន្ថែមទៀតថា «ប្រយ័ត្នមនុស្សចិត្ដជាទេវទត្ដ មាត់ជាទេវតា» ដូចយើងទំាងអស់ គ្នាបានដឹងឮសព្វថ្ងៃនេះ។
បើដូច្នេះចំពោះករណីភិក្ខុ ប៊ុត ប៊ុនតិញ ដែលអះអាងអំពីការប្រើមន្ដអាគមធ្វើឲ្យស្លាប់ជីវិតមនុស្ស ឬក៏ធ្វើឲ្យអន្ដរាយដល់អ្នកដទៃនោះ ភិក្ខុអង្គនេះ គឺជាធ្មប់។ បើនិយាយពីសម័យបុរាណ ចំពោះបុគ្គលណាជាធ្មប់ ហើយប្រើមន្ដអាគមធ្វើឲ្យអន្ដរាយដល់ជីវិតអ្នកដទៃនោះ គឺមានទោសធ្ងន់ណាស់ ជាក់ស្ដែងដូចជាច្បាប់សម័យ បុរាណហៅថា ច្បាប់ឃុនសាទ្បា ឬក្រមសុភាធិបតី បានរៀបរាប់យ៉ាងក្បោះក្បាយអំពីឧញ៉ាធម្មាធិបតី ដោយបានកាត់ទោសបុគ្គលជាធ្មប់យ៉ាងធ្ងន់ធ្ងរបំផុត៕