(កណ្តាល)៖ រដ្ឋមន្ត្រីដែលកំពុងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋលើស្នាដៃការងារក្នុងវិស័យដឹកជញ្ជូន និងសាធារណការលោក ស៊ុន​ ចាន់ថុល បានថ្លែងថា សុខសន្តិភាព គឺជាបុព្វហេតុដ៏ចម្បងសម្រាប់ការអភិវឌ្ឍជាតិកម្ពុជាដែលរងភាពខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាមឲ្យឈានមកកាន់យុគសម័យថ្មីដែលមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។

ក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារវត្តពាមឃ្លាំងមង្គល ក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាលនាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨នេះ លោក ស៊ុន ចាន់ថុល បានថ្លែងថា បើកម្ពុជាមិនអាចបញ្ចប់ភ្លើងសង្គ្រាម រកពន្លឺសុខសន្តិភាព និងការបង្រួបបង្រួមជាតិទេនោះ កម្ពុជាមិនអាចរកឃើញភាពសុខសាន្ត និងការរីកចម្រើនដូចពេលបច្ចុប្បន្ននោះឡើយ។

នៅចំពោះមុខប្រជាពុទ្ធបរិស័ទរាប់រយនាក់ ដែលអញ្ជើញចូលរួមសាទរចំពោះវត្តមានព្រះវិហារថ្មីក្នុងវត្តពាមឃ្លាំងមង្គលនេះ លោក ស៊ុន ចាន់ថុល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារក្នុងស្រុកកោះធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងស្រុកកោះធំនោះថា សុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មាននៅកម្ពុជាអស់រយៈពេលប្រមាណជា ៥០០ឆ្នាំកន្លងមកនោះ ព្រោះតែមានការដឹកនាំ និងការដាក់ចេញនូវយុទ្ធសាស្ត្រនយោបាយជាតិប្រកបដោយភាពត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ស៊ុន ចាន់ថុល បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសរបស់ជាតិកម្ពុជាមួយរូប ដែលមិនត្រឹមតែតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឲ្យខ្ចាត់ខ្ចាយនោះទេ តែជានិច្ចកាលសម្តេចតែងបានតម្កល់តម្លៃប្រយោជន៍ជាតិ និងប្រជាជនជាធំជានិច្ច។ ដោយឈរលើស្មារតីជាតិនេះ សម្តេចតេជោ បានប្រឹងប្រែងចរចា និងសន្ទនាជាមួយសម្តេច នរោត្តម សីហនុ រួមនិងភាគីខ្មែរដទៃទៀតនៅតាមព្រំដែនរហូតទទួលបានជោគជ័យឈានទៅមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។

បើតាមលោក ស៊ុន ចាន់ថុល កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺគ្រាន់តែជាជោគជ័យមួយកម្រិត តែមិនទាន់អាចបញ្ចប់ភ្លើងសង្គ្រាមផ្ទៃក្នុងរបស់ខ្មែរទាំងស្រុងនោះឡើយ ព្រោះតែកងទ័ពខ្មែរក្រហមនៅតែបន្តសម្ងំលាក់ខ្លួនក្នុងព្រៃ និងវាយរំខានការប្រកបរបរចិញ្ចឹមជីវិតពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំខ្មែរក្រហមមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ គឺជាជោគជ័យធំបំផុតសម្រាប់កម្ពុជា។

«នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំខ្មែរក្រហមមករួមរស់ជាមួយរាជរដ្ឋាភិបាល ទើបជាជោគជ័យធំបំផុតរបស់ជាតិកម្ពុជា ពោលគឺបានបញ្ចប់ជម្លោះ លុបបំបាត់ក្រុមឧទ្ទាមក្នុងព្រៃដែលតែងតែយាយីរំខានការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ ការនាំយកកងទ័ពខ្មែរក្រហមពីក្នុងព្រៃជាការបញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាម និងជាជោគជ័យនៃការបង្រួបបង្រួមជាតិដ៏ធំដែលខ្មែរយើងមិនធ្លាប់មានក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ»។ លោក ស៊ុន ចាន់ថុល បញ្ជាក់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា មនុញ្ញផលកើតចេញពីសុខសន្តិភាពកំពុងធ្វើឲ្យកម្ពុជា មានការរីកចម្រើន និងមានសមិទ្ធផលដូចជាផ្លូវ ស្ពាន សាលារៀន ទីអារាម រួមនិងសមិទ្ធផលផ្សេងៗទៀតជាច្រើនទៀត។ ជាពិសេសបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

ដោយមើលឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាពនេះ លោក ស៊ុន ចាន់ថុល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុកកោះធំ និងនៅទូទាំងប្រទេសត្រូវរួមគ្នាការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាពនេះ ដោយមិនត្រូវជឿតាមការអុចអាលញុះញង់ពីក្រុមជនអគតិណាមួយឈានទៅបង្កវិនាសកម្មបំផ្លាញនូវសមិទ្ធផលដែលកម្ពុជាកំពុងមាននោះឡើយ។

នៅចំពោះមុខប្រជាពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធាប់នេះសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជារូបនេះ ក៏មិនភ្លេចលើកសរសើរពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាក្នុងបុព្វហេតុជាតិមាតុភូមិនោះដែរ។ លោក ស៊ុន ចាន់ថុល បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាគណបក្សនយោបាយតែមួយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សានូវសុខសន្តិភាព ស្ថេរភាពក្នុងប្រទេស។ ជាពិសេសមានចក្ខុវិស័យដ៏ច្បាស់លាស់ក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោក ស៊ុន ចាន់ថុល ទទូចឲ្យប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបាននូវវឌ្ឍនភាព និងវិបុលភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាបន្តទៅទៀត។

យោងតាមរបាយការណ៍វត្តពាមមង្គលដែលលោក ស៊ុន ចាន់ថុល អញ្ជើញកាត់ឫស្សសីមានាព្រឹកមិញនេះ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៣។ វត្តនេះ មានវាសនាមិនខុសវត្តដទៃនោះឡើយចាប់ពីឆ្នាំ១៩៧០ ត្រូវរងការបំផ្លេចបំផ្លាញដោយភ្លើងសង្គ្រាម ជាពិសេសក្នុងរបប ប៉ុល ពត ត្រូវបានយកជាកន្លែងចិញ្ចឹមសត្វ និងសម្លាប់មនុស្សផងដែរ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ វត្តនេះចាប់ផ្តើមកសាងឡើងវិញជាបន្តបន្ទាប់។ ជាពិសេសបានកសាងសាលាធម្មសភា និងងព្រះវិហារថ្មី ដែលកាត់ឫស្សសីមាដាក់ឲ្យប្រើប្រាស់សម្រាប់បម្រើក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងថ្ងៃនេះ ដោយចំណាយថវិកាសាងសង់សរុបជិត ៦៥ម៉ឺនដុល្លារ៕