(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋប្រមាណ៣០០នាក់ នៅក្នុងវត្តកូនខ្លែង និងចូលទៅទស្សនាប្រាសាទភ្នំកូនខ្លែង។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានថ្លែងប្រកបដោយក្តីរលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយលើកឡើងថា បច្ចុប្បន្នដោយសារប្រទេសជាតិ មានសុខសន្តិភាព សន្តិសុខបរិបូរណ៍ពាសពេញផ្ទៃប្រទេស ក្រោមដំបូលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ទើបសេដ្ឋកិច្ចជាតិមានការរីកចម្រើន ហើយចំណូល និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ មានការរីកចម្រើនជីវភាពធូរធារតាមនោះដែរ ហើយទើបមានឱកាសមកអង្គុយជួបជុំគ្នាសំណេះសំណាលសួរសុខទុក្ខគ្នានៅពេលនេះ។
លោក កែ គឹមយ៉ាន បាននាំយកនូវបច្ច័យ ទេយ្យទាន និងទេយ្យវត្ថុ ប្រគេន និងអំណោយផ្តល់ជូន រួមមាន បច្ច័យប្រគេនជូនវត្តកូនខ្លែង១លានរៀល និងទេយ្យទាន ទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១។
សូមបញ្ជាក់ថា ប្រាសាទភ្នំកូនខ្លែង ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាប្រាសាទបុរាណនៅលើកំពូលភ្នំ កម្ពស់១៨០ម៉ែត្រ ទេសភាពព្រៃភ្នំ ធម្មជាតិស្រស់ស្អាត គួរជាទីគយគន់សម្រាប់ភ្ញៀវទេសចរ៕