(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្ត បានថ្លែងថា ខេត្តពោធិ៍សាត់ខុសពីខេត្តដទៃ គឺមានតែមួយគ្រួសារគត់ គឺគណបក្សប្រជាជន ក្រោមឆ័ត្ររបស់សម្តេចតេជោ។ បងប្អូនធ្វើយ៉ាងម៉េចប្រកប ដោយភាពសុខដុមរមនា រក្សាឲ្យបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងភាពថ្លៃថ្លូរនៃសាមគ្គីភាពផ្ទៃក្នុង។ ត្រូវផ្តល់យោបល់ឲ្យអ្នកខុស កែតម្រូវគ្នា ពោលគឺ «បើចង់ហូបបាយឆ្ងាញ់ ត្រូវនាំគ្នារើសស្រូវចេញ»។
លោកបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង ប្រធានស្តីទីគណបក្សស្រុកបាកាន និងជួបសំណេះសំណាល ពិសាអាហារសាមគ្គី អបអរឆ្នាំថ្មី ជាមួយមន្ត្រីគណបក្សស្រុក នៅស្នាក់ការគណបក្សស្រុក ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោកឧកញ៉ា ភួ ពុយ ប្រធានសមាគមស្រូវ និងជាប្រធានសភាពាណិជ្ជកម្ម ខេត្តបាត់ដំបង លោក លោកស្រី សមាជិក សមាជិកា គណបក្សខេត្ត ក្រុមការងារចុះជួយឃុំ ស្រុក និងមន្ត្រីគណបក្ស ទូទាំងស្រុកបាកាន ជិត១ពាន់នាក់។
លោក ម៉ៅ ធនិន បានថ្លែងទៀតថា ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការផ្ដល់នូវតម្រូវការ ប្រចាំថ្ងៃជូនពួកគាត់ ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗនេះ គឺត្រូវ តែធ្វើឲ្យបានរហ័សទាន់ចិត្ត ប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ ទន់ភ្លន់ដែលទាំងនេះ ជាក្រមសីលធម៌របស់ មន្ត្រីឃុំ សង្កាត់ ភូមិ។ លោកបានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំរបស់យើង មេត្តាបន្តវារភាព ដើម្បីបញ្ជ្រាបចូលឲ្យជ្រៅ ទៅក្នុងបេះដូងគ្រួសារប្រជាពលរដ្ឋ ដែលលោកទទូច ចង់បានការយកចិត្តទុកដាក់ពីយើង។
លោក បានបន្ថែមថា ពលរដ្ឋមិនខុសនោះទេ បើសិនយើងដឹកនាំមិនល្អនៅក្នុងមូលដ្ឋាន ដូច្នេះត្រូវតែរួមគ្នាធ្វើ និងរួមគ្នាដោះស្រាយឡើងវិញ នូវរាល់បញ្ហាប្រឈមនានា គប្បីយកចិត្ត ទុកដាក់ ក្នុងការបំពេញការងារ មានព្រហ្មវិហារធម៌ទាំង៤ នៅក្នុងខ្លួន មានវប្បធម៌សាមគ្គី វប្បធម៌ចែករំលែក ដល់ថ្នាក់ក្រោម និងផ្តល់គំរូល្អដល់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ សេវាសាធារណៈ កុំឲ្យរើសអើង ដែលនាំឲ្យមានការថ្នាំងថ្នាក់មកដល់ថ្នាក់ដឹកនាំរបស់យើង។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានទទួលបន្លែសុវត្តិភាព គ្មានជាតិគីមី ពីសំណាក់ថ្នាក់ដឹកនាំស្រុក និងក្រុមយុវជនគណបក្សស្រុក និងបានចែកអំណោយរបស់លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត រួមមានសារុង១ និងថវិកា២ម៉ឺនរៀល ដល់សមាជិកសមាជិកា ដែលបានចូលរួមជិត១ពាន់នាក់។
ក្នុងថ្ងៃដដែល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានបន្តចុះដោះស្រាយ ទុក្ខលំបាកជូនអាជីវករលក់ដូរ ក្នុងផ្សារសាមគ្គីបត់រំដួលកម្ពុជា ស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទាក់ទងនឹងការរក្សាវេនកាប់លក់សាច់សត្វ បន្ធូរបន្ថយការយកភាស៊ី និងតម្លៃតូប ដោយចូលរួមជាថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសម្រាល ការបង់ភាស៊ី និងតម្លៃតូបជូនអាជីវករ ព្រមទាំងបានផ្តល់ស្បៀងជូនដល់ពលរដ្ឋក្រីក្រ ខ្វះខាត និងដាច់ពេល នៅសាលាខេត្ត ជិត៣០០គ្រួសារផងដែរ៕