(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ អង្គភាព Fresh News សូមលើកយកនូវជីវប្រវត្តិសង្ខេប របស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលនាយឧត្តមសេនីយ៍ បានប្រើអស់កម្លាំងកាយចិត្ត ដើម្បីបម្រើជាតិមាតុភូមិដ៏ជាទីស្នេហានេះ ដល់ថ្ងៃចុងក្រោយ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន កើតនៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៤៧ មានទីកន្លែងកំណើត នៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ហើយទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៦៨ ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ មានកូន៤នាក់ (ប្រុស២នាក់ និងស្រី២នាក់) រួមមាន៖ ទី១៖លោក ឯម វិចិត្រ, ទី២៖លោកស្រី ឯម សុជាតិ, ទី៣៖លោក ឯម សុជឿន និងទី៤៖លោកស្រី ឯម សុខច័ន្ទ។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន មានអតីតភាពជាអ្នកសារព័ត៌មាន ជាមន្ត្រីជំនិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាមន្ត្រីទទួលកិច្ចការស្តីទីជំនួសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាថ្នាក់ដឹកនាំទទួលបានការគោរពស្រឡាញ់។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕