(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនជនជាតិចិនម្នាក់ឈ្មោះ ឈិន ហ្វីង (CHEN FENG) ជានាយកក្រុមហ៊ុន «ស៊ីន វ៉ាយអិម» ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធលើបណ្តឹងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ស៊ីដាច់លុយភាគហ៊ុនរបស់ក្រុមហ៊ុន»។
ពាក់ព័ន្ធការចាប់បញ្ជូនខ្លួននាយកក្រុមចិនរូបនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងយោងទៅលើពាក្យបណ្តឹងរបស់ភាគីចូលហ៊ុនរកស៊ីជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា ដើមចមឲ្យមានការចាប់ខ្លួននាយកក្រុមហ៊ុននេះ តាមពាក្យបណ្តឹងរបស់ឈ្មោះ សេង សុភ័ក្រ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្តឹងលើឈ្មោះ ឈិន ហ្វីង ថាកាលពីអំឡុងឆ្នាំ២០១៦ ឈ្មោះ សេង សុភ័ក្រ ឈ្មោះ សុខ ទូច និងឈ្មោះ ទង ម៉េង បានជួបពិភាក្សាជាមួយឈ្មោះ ឈិន ហ្វីង (ចិន) ដើម្បីដាក់ទុនចូលគ្នារកស៊ីទិញដីសម្រាប់ពុះឡូត៍លក់ បានផលចំណេញចែកគ្នា។
ក្រោយពេលពិភាក្សាហើយពួកគេក៏បានព្រមព្រៀងគ្នា និងបានទៅពិនត្យមើលដី របស់ប្រជាពលរដ្ឋនៅភូមិព្រៃខ្លា ឃុំក្រាំងម្នាក់ ស្រុកអង្គស្នូល ខេត្តកណ្តាល តាមរយៈឈ្មោះ ស្រី ចាន់ (អ្នកទិញផ្ទាល់ពីប្រជាពលរដ្ឋ) និងទិញបានដីក្នុងតម្លៃសរុប៤២២,៨៥៩ដុល្លារអាមេរិក។ នៅពេលទិញដីនោះ អាជ្ញាធរមិនអនុញ្ញាតឲ្យជនបរទេស (ចិន) បញ្ចូលឈ្មោះក្នុងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងនៅកម្ពុជាបានទេ។ ដូច្នោះឈ្មោះ ឈិន ហ្វីង បានឲ្យឈ្មោះ សេង សុភ័ក្រ ឈរឈ្មោះក្នុងកិច្ចសន្យា និងផ្ទេរសិទ្ធិកាន់កាប់ (ហៅថាតំណាងក្រុមហ៊ុន) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយពីទិញដីរួចពួកគេ បានស្រុះស្រួលគ្នាធ្វើការឈូសឆាយ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាសេចក្តីត្រូវការចាំបាច់របស់អតិថិជន ដោយចំណាយបន្ថែមអស់ទឹកប្រាក់ប្រមាណ៦២,៨០០ដុល្លារអាមេរិកទៀត។ បន្ទាប់មកឈ្មោះ ឈិន ហ្វីង បានបា្រប់ភាគហ៊ុនថា អញ្ចឹងត្រូវដាក់ឈ្មោះគេ ជាម្ចាស់កម្មសិទ្ធិវិញ ដោយហេតុថាគេ (ឈិន ហ្វីង) មានភាគហ៊ុនដល់ទៅ៦០ភាគរយ ចំណែកខ្មែរ៣នាក់ មានភាគហ៊ុនតែ៤០ភាគរយទេ។
ដោយមានការសំណូមពរពីដៃគូរភាគហ៊ុន ពួកគេបានឯកភាពជាឯកឆន្ទសម្រេចបើកក្រុមក្រុមហ៊ុន ស៊ី វ៉ាយអិម អ៊ិនវេសមេន ដែលមានទីតាំងស្នាក់នៅ ផ្ទះលេខ៤៧AE១ ផ្លូវលេខ២២១ ភូមិ៨ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ដែលឈ្មោះ ឈិន ហ្វីង ស្នាក់នៅទីនោះដែរ។ បន្ទាប់មកឈ្មោះ ឈិន ហ្វីង បានតម្រូវឲ្យផ្ទេរកម្មសិទ្ធិទាំងអស់ពីឈ្មោះ សេង សុភ័ក្រ និងឈ្មោះ ទង ម៉េង ឲ្យខ្លួនធ្វើជានាយកក្រុមហ៊ុនវិញ។ ក្រោយពីបានផ្ទេរសិទ្ធិឲ្យឈ្មោះ ឈិន ហ្វីង ធ្វើជានាយកក្រុមហ៊ុន សភាពការក្នុងក្រុមហ៊ុនបានក្រឡាប់ចាក់លែងទុកចិត្តគ្នា ដោយឈ្មោះ ឈិន ហ្វីង និងឈ្មោះ ឃុត ថេន (អ្នកបកប្រែ) ទាមទារគ្រប់លុយកាក់ទាំងអស់។ ជាងនេះទៅទៀតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ឈ្មោះ សេង សុភ័ក្រ បានណាត់ជួបឈ្មោះ ឈិន ហ្វីង នៅក្នុងក្រុមហ៊ុន ស្រាប់តែនៅក្នុងក្រុមហ៊ុនមានសភាពរាយប៉ាយ រញ៉េរញ៉ៃ បាត់ឯកសារដីធ្លីទាំងអស់។
បន្ទាប់មកទើបបែកធ្លាយពីអាជ្ញាធរមូលដ្ឋាន ឯកសារច្បាប់ដើមទាំងនោះ ត្រូវបានឈ្មោះ ឈិន ហ្វុង និងអ្នកបកប្រែយកទៅផ្ទេរសិទ្ធិបែកចែក និងលក់ដីរួម របស់ក្រុមហ៊ុនអស់២០ឡូត៍ ដែលមិនបានយកលុយនោះដាក់ចូលក្រុមហ៊ុនទេ ថែមទាំងគេចខ្លួនទៀតផង។ ដូចអង្គហេតុបានរៀបរាប់ខាងលើនេះ បានឈ្មោះ សេង សុភ័ក្រ តំណាងភាគហ៊ុនខ្មែរ៣នាក់ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ដើម្បីសុំបានមកវិញ ត្រឹមភាពយុត្តិធម៌ដែលជ្រុលខ្លួនបានដាក់ទុនរកស៊ី ជាមួយគ្នានោះទោះហើយ។
ជនសង្ស័យត្រូវបានតំណាងអយ្យការ កំពុងធ្វើការសាកសួរ និងទំនងជាមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះសន្ននោះទេ យោងតាមការចោទប្រកាន់នេះ៕