(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយពិនិ្យ និងព្យាបាលជំងឺទូទៅ រោគស្ត្រី និងកុមារ ពិនិត្យផ្ទៃពោះ ជំងឺមាត់ធ្មេញ វះកាត់តូច ផ្តល់ថ្នាំជូនដោយឥតគិតថ្លៃ និងអប់រំផ្នែកសុខភាព សរុបចំនួន១,៣៤២នាក់ ដែលរៀបចំនៅក្នុងបរិវេណវត្តសំបួរមាស ក្នុងភូមិម័ល សង្កាត់ដង្កោ។
ពិធីនេះ មានការចូលរួមពី លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និង លោក ស៊ឹម ស៊ូយ៉េង តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ។
លោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកអភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានលើកឡើង ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន។
ទន្ទឹមនឹងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនលើគ្រប់វិស័យក្រោមដំបូលសន្តិភាព សម្តេចតេជោ នាយករដ្ឋមន្ដ្រី ក៏គិតគូអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលជាក្រុមគ្រូពេទ្យជំនាញ បានមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បីជួយសម្រួលការលំបាកក្នុងការធ្វើដំណើរទៅមន្ទីរពេទ្យ និងការចំណាយលើថ្លៃព្យាបាលផងដែរ។
លោកអភិបាល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ របស់សមាគមគ្រូពេទ្យសម្តេចតេជោ ដើម្បីទទួលបានសុខភាពល្អ និងសូមសូមថែទាំសុខភាពឲ្យបានល្អ ដើម្បីបន្តមើលការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕