(កំពង់ធំ)៖ បច្ចុប្បន្ននេះប្រទេសកម្ពុជា ជាប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងស្ទើរគ្រប់ផ្នែក ក្នុងនោះដែរឃើញថា វិស័យសេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែបោះជំហ៊ានទៅរកភាពមួយដែលខ្លាំងក្លា កត្តាទាំងនេះបណ្ដាលមកពីការរួបរួមសាមគ្គីភាពបូកផ្សំជាមួយនឹង ស្ថានភាពនយោបាយល្អ និងប្រទេសមានសុខសន្ដិភាព ដូច្នេះហើយទើបមានអ្នកវិនិយោគិនបរទេសជាច្រើនប្រទេស បាននាំគ្នាមកបោះទុនវិនិយោគរកស៊ីនៅកម្ពុជា កាន់តែច្រើនឡើងៗពីរមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការឲ្យដឹងពីលោក ជា ចាន់តូ សមាគណៈអចិន្ត្រៃយ៍ គណកម្មាធិការកណ្ដាគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយ ស្រុកស្ទោង។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារក្នុងវត្តស្ថិតក្នុងវត្តពោធិ៍ចេតិយ សិរីសេដ្ឋាហៅវត្តក្ដីត្នោត ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លោក ជា ចាន់តូ បានឲ្យដឹងទៀតថា សន្តិភាពមានតម្លៃធំធេងណាស់សម្រាប់
ប្រជាជនគ្រប់ៗរូប ពិសេសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះថាសុខសន្តិភាព និងស្ថេរភាពខាងនយោបាយ ជាឱកាសមាសនៅក្នុងការកសាង និងអភិវឌ្ឍប្រជាតិឲ្យមានការរីកចម្រើនដ៏ពិតប្រាកដ។ ជាមួយនេះដែរក៏បានផ្ដល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគិនផងទាំងពួងនៅក្នុងការបោះទុនរកស៊ីនៅកម្ពុជាផងដែរ។
លោកបានបញ្ជាក់ទៀតថា ដូច្នេះពលរដ្ឋគ្រប់រូប ត្រូវបន្តរួបរួមសាមគ្គីគ្នាការពារថែរក្សាសុខសន្តិភាព និងសមិទ្ធផលដែលបានកសាងមកនេះឲ្យបានគង់វង្ស ជាងនេះទៀតអ្នកទាំងអស់ត្រូវបន្តគាំទ្រ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និង គណបក្សប្រជាជនតទៅទៀត ដើម្បីប្រជាជននិងប្រទេសជាតិមានសេចក្ដីសុខសាន្ត និងមានភាពរីកចម្រើនថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា សមិទ្ធផលព្រះវិហារថ្មីនេះកសាងពីថ្មប្រក់ក្បឿង មានទំហំ១៦ម៉ែត្រគុណ២៦ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់២១២៦៦០ដុល្លារ ដោយថវិកានេះបានមកពីការរួបរួមសាមគ្គីរបស់ពលរដ្ឋក្នុងស្រុកស្ទោង និងការឧបត្ថមធំពីលោក ជា ចាន់តូ និងលោកស្រីខៀវស៊ីណា។
ក្នុងនោះដែរលោក ជា ចាន់តូ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លាររបស់សម្ដចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានីហ៊ុន សែន ដែលរួមមានបច្ច័យចំនួន៤០លានរៀល ប្រគេដល់វត្តក្ដីត្នោត និងបានចែកជូនថវិកា ក្រណាត់ស ជូនលោកយាលោកតាចំនួន២០០នាក់ និងបានចែក ថវិកា និងសម្ភារៈសិក្សា ដល់លោកគ្រូ អ្នកគ្រូចំនួន៥៩នាក់ និងសិស្សានុសិស្សចំនួន៦៦៣នាក់ផងដែរ៕