(តាកែវ)៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំព្រៃផ្ដៅ សហការជាមួយបសុពេទ្យនៃខេត្ត និងស្រុកព្រៃកប្បាស ខេត្តតាកែវ បានបើកយុទ្ធនាការ «ចាក់ថ្នាំការពារជំងឺឆ្លងរាតត្បាតសត្វគោក្របី» ដើម្បីការពារជម្ងឺអ៊ុចក្តាម និងជម្ងឺសារទឹក ដោយឥតគិតថ្លៃ នៅឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។
យុទ្ធនាការ «ចាក់ថ្នាំការពារជំងឺឆ្លងរាតត្បាតសត្វគោក្របី» ដោយឥតគិតថ្លៃ នៅក្នុងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខាងលើនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ពេជ សោភ័ន អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយខេត្ដតាកែវ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា «ផ្នែកតាមរបាយការណ៍ដែល ទទួលបានពីក្រុមការងារ ចុះជួយឃុំព្រៃផ្ដៅ នៅក្នុងឃុំព្រៃផ្ដៅសំបូរទៅដោយសត្វគោក្របីជាច្រើនក្បាល ដែលប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជាកម្លាំងអូសទាញ ក្នុងការបង្កបង្កើនផលស្រូវ និងផលដំណាំផ្សេងៗ ហើយមានប្រពលរដ្ឋមួយចំនួន ចិញ្ចឹមសត្វគោកក្របីទាំងនេះ ដើម្បីទុកធ្វើពូជ សម្រាប់លក់យកកម្រៃ»។
លោកបណ្ឌិត បានបន្ដថា ដើម្បីរួមចំណែក ក្នុងការថែរក្សាសុខភាពសត្វគោក្របី នៅក្នុងភូមិ-ឃុំ របស់បងប្អូន ប្រជាពលរដ្ឋ ក្រុមការងារថ្នាក់កណ្តាល បានដឹកនាំបសុពេទ្យ មកផ្តល់ការ ចាក់ថ្នាំការពារជម្ងឺឆ្លងរាតត្បាត ដល់សត្វគោក្របី នៅក្នុងឃុំព្រៃផ្ដៅនេះ។
អនុប្រធានក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយខេត្ដតាកែវ បានបញ្ជាក់ទៀតថា «ក្នុងថ្ងៃនេះ មានសត្វគោក្របី ដែលនឹងទទួលបាន ការចាក់ថ្នាំការពារជម្ងឺឆ្លងរាតត្បាត សរុបមានចំនួន ១,៥៣៧ ក្បាល (ញី ១,១៩០)»។
លោក ថៃ លី មន្រ្តីជំនាញ នៃបសុព្យាបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នសត្វគោក្របី នៅក្នុងខេត្តតាកែវ សរុបប្រមាណជាង០៣ម៉ឺនក្បាល។ លោកបន្តថា ចំពោះការចាក់ថ្នាំការពារ ដល់សត្វ ក្នុងមួយឆ្នាំ ត្រូវចាក់ចំនួនពីរដង ដើម្បីការពារជម្ងឺអ៊ុចក្តាម និងជម្ងឺសារទឹក ដល់សត្វគោនិងក្របី។
មន្រ្តីជំនាញ នៃបសុព្យាបាលខេត្តរូបនេះ ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ប្រញាប់យកគោក្របី ទៅចាក់ថ្នាំឲ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំឲ្យគោក្របី ងាប់ដោយសារមាន ជំងឺកំណាចទាំងនេះ។
លោក ចាន់ សាមឿន និងលោក ហ៊ត ហេង ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ក៏ដូចជាពលរដ្ឋដទៃផ្សេងទៀត បានសម្តែងការត្រេកអ៊រ និងមានទឹកចិត្តរីករាយក្រោយ ឃើញ ក្រុមការងារ និងមន្រ្តីជំនាញចុះមកចាក់ថ្នាំសត្វគោក្របី ពិសេសដោយគិតឥតថ្លៃ ព្រោះថាកន្លងមកសត្វ ក្នុងភូមិធ្លាប់កើតមានជម្ងឺ និងងាប់ ដោយមិនបានចាក់ថ្នាំការពារឲ្យបាន ត្រឹមត្រូវ៕