(កណ្តាល)៖​ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម​ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះពុទ្ធអណ្តែត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានថ្លែងដោយផ្ដាំផ្ញើ ដល់អង្គពិធីទាំងមូល​ មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ ការយល់ដឹងអំពីផលលំបាក នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកណ្តាល នៅឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរ។ ​

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ត្រូវចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អ ដល់សកម្មភាពនៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា៕