(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ដែលកំពុងតែរស់នៅប្រទេសអូស្ដ្រាលី បានសម្ដែងការប្រតិកម្មខ្លាំងៗ ចំពោះការបំភ្លៃព័ត៌មានពីសំណាក់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាខេមរភាសា ដែលថាអ្នកគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពេលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ាន-អូស្ដ្រាលី មានតែប្រមាណ៥ភាគរយប៉ុណ្ណោះ ក្នុងចំណោមអ្នករស់នៅអូស្ដ្រាលីបច្ចុប្បន្ន។
ពលរដ្ឋខ្មែរដែលបានទៅចូលរួមស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន យ៉ាងផុលផុសនោះ បានចាត់ទុកថា ការលើកឡើងរបស់លោក ជុន ច័ន្ទបុត្រ ជារឿងដែលគួរឲ្យអស់សំណើច និងមានចេតនាបំបាក់មុខកម្ពុជានៅលើឆាកអន្ដរជាតិ ហើយនិយាយគ្មានមូលដ្ឋានច្បាស់លាស់ ពោលគ្រាន់តែលឺគេថា។
ពលរដ្ឋខ្មែរអូស្ដ្រាលី បានសង្កត់ធ្ងន់ថា លោក ជុន ច័ន្ទបុត្រ ដែលនិយាយថា អ្នកដែលទៅទទួលស្វាគមន៍ និងគាំទ្រសម្ដេចតេជោ ហ៊ុន សែន មានចំនួន៥ភាគរយ នៃពលរដ្ឋរស់នៅអូស្ដ្រាលីនោះ ជាការលើកឡើងដោយក្បត់ឧត្តមគតិខ្លួនឯងហើយ ដោយពួកគាត់អះអាងថា អ្នកដែលគាំទ្រសម្ដេចរហូតដល់ជាង៣,០០០នាក់ឯណោះ ហើយពួកគាត់ក៏មានទិន្នន័យច្បាស់លាស់លើកមកបង្ហាញផងដែរ។
សូមជម្រាបថា ការប្រតិកម្មខ្លាំងៗពីពលរដ្ឋខ្មែរ-អូស្ដ្រាលីយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាខេមរភាសា នៅពេលកន្លងទៅបានផ្សព្វផ្សាយតាមប្រព័ន្ធឃោសនារបស់ខ្លួនថា អ្នកទៅគាំទ្រ និងស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន មានចំនួនតិចជាងអ្នកទៅធ្វើបាតុកម្មប្រឆាំងសម្ដេច។
សូមទស្សនាវីដេអូរបស់ពលរដ្ឋខ្មែរ-អូស្រ្ដាលី ដែលមានខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖