(បន្ទាយមានជ័យ)៖​ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំមូលដ្ឋាន​មកពីមន្ទីរ​ អង្គភាព​ ក្រុង​-ស្រុក ឃុំ-សង្កាត់ ចុះទៅពិនិត្យស្ពាន​បាឡេ១កន្លែង ស្ថិតនៅចន្លោះភូមិតាត្រៃ និង​បុសថ្មគោល ​ឃុំផ្គាំ ស្រុកស្វាយចេក មានប្រវែង២៤ម៉ែត្រ ជួសជុលផ្លូវក្រាលគ្រួស ពីស្ពានតាត្រៃប្រវែង៥,០០០ម៉ែត្រ និងដាក់លូ៣កន្លែង នៅចំណុច​បុសថ្មគោល និងបានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ និងចាស់ព្រឹទ្ធាចារ្យ នៅក្នុងឃុំផ្គាំចំនួន​៥ភូមិ ស្រុកស្វាយចេក ចំនួន​១,១៥០នាក់ ចាស់ព្រឹទ្ធាចារ្យ ចំនួន​៨៣នាក់​។​

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ​​​កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា ដែល​មាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេច ហេង សំរិន ប្រធានកិត្តិយស, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និង​សម្ដេច​ក្រឡាហោម ស ខេង អនុប្រធានគណបក្ស​។​

លោក កែ​ គឹមយ៉ាន​ បានថ្លែងថា ​​ក្រោមយុទ្ធសាស្រ្តឈ្នះ​​​ឈ្នះ​ ដែលដឹកនាំដោយប្រមុខរាជរដ្ឋាភិបាល​ និងគណបក្សប្រជាជន​សម្តេចតេជោ​ ហ៊ុន​ សែន​ ប្រទេសមានសុខសន្តិភាព​ និងមានពេលវេលាគ្រប់គ្រាន់ សម្រាប់កសាងស្តារឡើងវិញនូវ ផ្លូវ​ ស្ពាន ​ជាសសៃឈាមសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ​ ដែលត្រូវបានបំផ្លិចបំផ្លាញបន្សល់ទុកពីសម័យសង្រ្គាមបង្ហូរឈាមខ្មែរ​​។​

ជាមួយគ្នានេះ​ ឧបនាយករដ្ឋមន្ដ្រី ​កែ​ គឹមយ៉ាន​ បានថ្លែងដោយសង្កត់ធ្ងន់ថា​ ពិតណាស់សង្រ្គាមគឺមិនបានបន្សល់ទុកអ្វីក្រៅពីគំនរឆ្អឹង​ សមុទ្រឈាម​ ទឹកភ្នែកនោះឡើយ​ ដូចនេះសូមបងប្អូនទាំងអស់បន្តរួមគ្នាថែរក្សាសន្តិភាព​ នេះឲ្យបានគង់វង្សដើម្បីភាពរីកចម្រើន​សម្រាប់អនាគតយើង​ និងកូនចៅយើង​​។​

ជាទ្រនាប់ដៃ​ លោក​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយ និងថវិកាមួយចំនួន​ ផ្តល់ជូនរួមមាន​​ លោកគ្រូ អ្នកគ្រូ​ ២០នាក់​ក្នុងម្នាក់បានសារ៉ុង១ និងថវិកា២ម៉ឺន​រៀល, ជូនថវិកា៥ភូមិ គឺភូមិស្វាយស ​ភូមិប្រាសាទវៀន ​ភូមិថ្មគោល ​ភូមិតាដួល និងភូមិអូរ ក្នុង១ភូមិ បាន២០ម៉ឺនរៀល, មនុស្សចាស់ជរា ចំនួន៨២នាក់ ក្នុងម្នាក់ទទួលបាន ថវិកា២ម៉ឺន​រៀល​ អំបិល​១កញ្ចប់​ ទឹកដោះគោ១កំប៉ុង បំពង់ទឹកក្ដៅ១ តែ១​កញ្ចប់​ ក្រម៉ា​១​​ មី​៥កញ្ចប់​ ពិល១​ សារ៉ុង​១​ ប្រេងខ្យល់២ដប​ ប្រេងកូឡា​២ដប​ កៅអៀក​៣០បន្ទះ​ ផ្តិល​១, ជូនសាលាបឋមសិក្សាថ្មគោល ៥០ម៉ឺនរៀល​, ជូនអនុវិទ្យាល័យថ្មគោល៥០ម៉ឺនរៀល, ជូនសាលាឃុំ ផ្គាំ៥០ម៉ឺនរៀល, ជូននគរបាលឃុំ៥០ម៉ឺនរៀល, ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម ក្នុងម្នាក់ទទួលបានអំណោយសារ៉ុង១, ជួយកសាងសាលាបឋមសិក្សា នូវទីចាត់ការ១ខ្នង៣បន្ទប់ និង​កុំព្យូទ័រ និងព្រីនធ័រ​១កំភ្លេ, ជួយសាសង់ផ្ទះ១ខ្នង ៣បន្ទប់នៅអនុវិទ្យាល័យថ្មគោលសម្រាប់គ្រូបង្រៀនស្នាក់នៅ៕