(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៨នេះទៅ ប្រាក់ខែគ្រូបង្រៀនទាបបំផុត គឺមិនតិចជាង១លានរៀលនោះទេ ហើយនៅតែមានការដំឡើងប្រាក់ខែ ជាបន្តបន្ទាប់បន្ថែមទៀត នៅឆ្នាំក្រោយៗ។
ការបញ្ជាក់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៣,៨៣៩នាក់ នៅសាលមហោស្រពកោះពេជ្រ។ នេះបើតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីឆ្នាំ២០១៨នេះទៅ ប្រាក់ខែគ្រូបង្រៀន គឺមិនតិចជាង១លានរៀលនោះទេ ហើយនៅមានការដំឡើងប្រាក់ខែ ជាបន្តបន្ទាប់ទៀតនៅឆ្នាំ ២០១៩»។
ពិធីជួបសំណេះសំណាលថ្ងៃនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយជោគជ័យកន្លងមក។
ពិធីនេះ គឺជាការលើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែម ពីលើការងារជាច្រើន ដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់ លើប្រព័ន្ធអប់រំ ដើម្បីឲ្យកាន់តែមានគុណភាពប្រសើរឡើង។
សម្តេចតេជោ បានអរគុណដល់លោកគ្រូ អ្នកគ្រូ នៅរាជធានីភ្នំពេញ ដែលបានមកជួបជុំសំណេះសំណាលពេលនេះ បើទោះបីជាថ្ងៃអាទិត្យក៏ដោយ។ ចំពោះការជួបជុំនេះ ក៏មានការ ចូលរួមពីគ្រូបង្រៀនជាជនជាតិខ្មែរ-ឥស្លាមផងដែរ ដែលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចូលគ្រូបង្រៀនបងប្អូនខ្មែរ-ឥស្លាម ចូលទៅក្នុងក្របខណ្ឌរដ្ឋ ប្រមាណជាង ១,៣០០នាក់ផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីការវិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដែលកន្លងមកបានឆ្លងកាត់នូវដំណាក់កាលសង្គ្រាមរាំរៃជាច្រើន ជាពិសេសក្នុងរបបប្រល័យ ពូជសាសន៍ប៉ុលពត ដែលប្រទេសជាតិត្រូវបានទទួលរងនូវភាពខ្ទិចខ្ទាំស្ទើរទាំងស្រុង។
តាមរយៈគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គឺបានស្តារប្រទេសឡើងវិញ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសតាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាម និងស្វែងរកសន្តិភាពពេញលេញជូនជាតិមាតុភូមិរហូតមកដល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរ អំពីតំលៃនៃនយោបាយ ឈ្នះ-ឈ្នះ ដែលសម្តេចតេជោ បានបង្កើតឡើងដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុងនៅប្រទេសកម្ពុជា។
គោនយោបាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញបញ្ចប់សង្រ្គាម ហើយធ្វើការបង្រួបង្រួមជាតិឡើងវិញ បានជោគជ័យ គឺមានចំណុចសំខាន់ៗ ចំនួន៣៖
ទី១៖ ធានាការពារអាយុជីវិតប្រជាពលរដ្ឋ ដែលធ្វើសមាហរណកម្ម។
ទី២៖ រក្សាអាជីព និងមុខរបបប្រជាពលរដ្ឋ ឲ្យនៅដដែល។
ទី៣៖ រក្សានូវកម្មសិទ្ធិ រួមទាំងទ្រព្យសម្បត្តិទាំងឡាយ របស់បងប្អូនប្រជាពលរដ្ឋ ដោយគ្មានការរិបអូស ហើយឲ្យឈរជើង រស់នៅ និងប្រកបការងារ ជាធម្មតានៅទីតាំងនោះ។
លក្ខខណ្ឌទាំង៣នេះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ពីកម្ពុជាប្រជាធិបតេយ្យ ចុះចូលធ្វើសមាហរណកម្ម ជាមួយជារាជរដ្ឋាភិបាលគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពមកទល់សព្វថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រ និងឲ្យតំលៃចំពោះគ្រូបង្រៀនទាំងអស់ ដែលបានចូលរួម ចំណែកក្នុងការអភិវឌ្ឍធនធាន មនុស្សរបស់ប្រទេសកម្ពុជា ជាពិសេសបានចូលរួម យ៉ាងខ្លាំងនៅក្នុង កំណែទំរងលើវិស័យអប់រំ ដែលធ្វើឲ្យវិស័យនេះ មានការអភិវឌ្ឍរីកចម្រើនទៅមុខ។
សូមបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៨ នេះទៅប្រាក់ខែគ្រូបង្រៀនគឺមិនតិចជាង ១លានរៀល នោះទេ ហើយនៅមាន ការតម្លើងប្រាក់ខែជាបន្តបន្ទាប់ទៀតនៅឆ្នាំ ២០១៩។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់នូវសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ចែកជូនលោកគ្រូ អ្នកគ្រូ ចំនួន៣,៨៣៩នាក់ ដោយគ្រូម្នាក់ទទួលបាន សៀវភៅចំនួនពីរក្បាល រួមនឹងថវិការមួយចំនួនទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់បងប្អូនខ្មែរឥស្លាម ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនគ្រប់ទីកន្លែង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានជូនពរដល់ លោកគ្រូ អ្នកគ្រូ ទាំងអស់សូមជួបតែសេចក្តីសុខចម្រើន ហើយក៏បានជូនពរដល់លោកគ្រូ អ្នកគ្រូខ្មែរ ឥស្លាម សូមព្រះអាល់ឡោះ ជួយបីបាច់ថែរក្សា និងទទួលបានជោគជ័យថ្មីៗ ជាបន្តបន្ទាប់ទៀត ក្នុងការអប់រំ និងផ្តល់នូវចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយបន្តទៀត៕