(ភ្នំពេញ)៖ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោកបណ្ឌិត គីម ហ៊ាង ត្រូវបានតែងតាំងមុខតំណែងថ្មីមួយទៀត គឺជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន ប្រចាំឆ្នាំ២០១៨។
ការតែងតាំងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពាក់កណ្ដាលឆ្នាំ នៃសមាគមអចលនទ្រព្យអាស៊ាន ដោយកាលពីអាណត្តិមុន ក្នុងឆ្នាំ២០១៧ ប្រទេសម៉ាឡេស៊ី ជាប្រធានសមាគមអចលនទ្រព្យអាស៊ាននេះ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ លោកបណ្ឌិត គីម ហ៊ាង ឲ្យដឹងថា នេះជាឱកាសពិសេសមួយ ដែលសមាគមអ្នកវាយតម្លៃអចលទ្រព្យកម្ពុជា បានរៀបចំកិច្ចប្រជុំពាក់កណ្ដាលឆ្នាំ របស់សមាគមក្រុមហ៊ុនអចលនទ្រព្យអាស៊ាន ហើយឆ្នាំ២០១៨នេះទៀតសោត គឺជាឆ្នាំមួយដែលប្រធានសមាគមអចលនទ្រព្យកម្ពុជា ត្រូវក្លាយទៅជាប្រធានសមាគមអចលនទ្រព្យអាស៊ានផងដែរ។
លោកបណ្ឌិតបានថ្លែងបន្ដទៀតថា «ការប្រជុំថ្ងៃនេះធ្វើឡើង ដើម្បីតាមដានមើលពីកាវិវត្តនៃដំណើររកស៊ី នៃលើវិស័យដីធ្លី នៅក្នុងប្រទេសកម្ពុជា។ មួយទៀតក៏បានពិភាក្សាអំពីការរៀបចំ កិច្ចប្រជុំដ៏ធំមួយនៅក្នុងខែសីហា ឆ្នាំ២០១៨នេះ គឺកិច្ចប្រជុំ ARENA Convention & Expo ជាកិច្ចប្រជុំប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សមាគមក្រុមហ៊ុនដីធ្លីអាស៊ាននេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយរំពឹងថានឹងទទួលបានអ្នកចូលរួមប្រមាណ៧០០នាក់ ដែលជាអ្នករកស៊ីលើវិស័យដីធ្លី មកពីអាស៊ានទាំង១០មកពីប្រទេស កូរ៉េ, ចិន, សឹង្ហបុរី, តៃវ៉ាន, អាមេរិក និងអឺរ៉ុបជាដើម ដែលនឹងមកចូលរួមក្នុងកម្មវិធីនេះ»។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា នេះជាឆ្នាំទី៣ហើយ ដែលសមាគមអ្នកវាយតម្លៃអចលទ្រព្យកម្ពុជា បានចូលជាសមាជិកនៃសមាគមអចលទ្រព្យអាស៊ាននេះ ដែលបច្ចុប្បន្ននេះមាន៨ប្រទេសហើយ ដែលបានចូលជាសមាជិក។ ការចូលជាសមាជិកនេះ សមាគមបានទទួលនូវ អត្ថប្រយោជន៍ជាច្រើន ដែលអាចធ្វើឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងរកស៊ីទៅ លើវិស័យនេះនៅក្រៅប្រទេស។
លោកបណ្ឌិតបញ្ជាក់ទៀតថា គោលដៅដ៏ធំបំផុតដែលជំរុញឲ្យ សមាគមអ្នកវាយតម្លៃ អចលនទ្រព្យកម្ពុជា ចូលជាសមាជិកនៃសមាគមអាស៊ាននេះ គឺបង្កើនការរស៊ីលើវិស័យដីធ្លីឆ្លងដែន ឬគ្មានដែនកំណត់។ ការរកស៊ីលើវិស័យដីធ្លីឆ្លងដែនត្រង់ថា កម្ពុជាអាចទៅរកស៊ីលើវិស័យនេះនៅបរទេស ហើយបរទេសក៏អាចមករកស៊ីវិស័យនេះ នៅកម្ពុជាបានដូចគ្នា មានន័យថាមិនចាំបាច់ទាល់តែបរទេសមក បើកក្រុមហ៊ុននៅកម្ពុជា ឬកម្ពុជាទៅបើកក្រុមហ៊ុននៅបរទេស ទើបអាចរកស៊ីវិស័យបានឡើយ គឺថាប្រសិនបើអ្នកណាម្នាក់ចង់ទិញដីនៅប្រទេសណា តំបន់ណាគ្រាន់តែទំនាក់ទំនង ទៅប្រទេសនោះ នោះគេនឹងរៀបចំឲ្យយើងជាការស្រេច។ នេះហើយដែលហៅថា ការបង្កើនការទំនាក់ទំនងក្នុង តំបន់អាស៊ានដែលធ្វើឲ្យអាស៊ានក្លាយទៅជា តំបន់មួយ ដែគ្មានព្រំដែននៃការរកស៊ី៕