(ភ្នំពេញ)៖ ក្រោយបែកធ្លាយនូវព័ត៌មានដែលទណ្ឌិត សម រង្ស៊ី បានចំណាយលុយ២៥ម៉ឺនដុល្លារ ជួលក្រុមហ៊ុនអាមេរិកឈ្មោះ Berlin Rosen ដើម្បីជួយសរសេរព័ត៌មាន ផ្សព្វផ្សាយអាក្រក់ពីកម្ពុជា ឲ្យអន្តរជាតិបានដឹង ដើម្បីងាយស្រួលដាក់សម្ពាធ សេដ្ឋកិច្ចមកលើកម្ពុជានោះ ទាំងមន្ត្រីរាជរដ្ឋាភិបាល អ្នកសេដ្ឋកិច្ច និងគណបក្សនយោបាយ បានចេញមកថ្កោលទោស និងចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ជាអំពើក្បត់ជាតិសាសន៍របស់ខ្លួន ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួន។
ជាមួយគ្នានឹងការថ្កោលទោសនេះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ មេមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរំដោះដីចំការមីន បំណងផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋមិនឲ្យមានការបារម្ភ ភ័យខ្លាច និងរងគ្រោះថ្នាក់ដោយសារគ្រាប់មីន ចំពោះប្រជាជនកម្ពុជានោះ បានចេញមកចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលបានជួលក្រុមហ៊ុនអាមេរិក វាយប្រហារបំផ្លាញសេដ្ឋកិច្ចខ្មែរ គឺជាបំណងធ្វើបាបប្រជាជនខ្មែរឲ្យរងទុក្ខវេទនា សំដៅឈានដល់ការបង្កចលាចលសង្គម ឈានទៅដល់ការបង្កើតសង្គ្រាមស៊ីវិល។
អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា «ឥឡូវមានក្រុមបំផ្លាញជាតិ ដោយសារគ្មានកាំភ្លើង និងកំលាំងប្រយុទ្ធនៅឡើយ គេទទួលជំនួយមកជួលក្រុមហ៊ុនព័ត៌មាន ដើម្បីវាយប្រហារបង្ខូចកេរ្ត៍ឈ្មោះខែ្មរ ផ្សព្វផ្សាយឲ្យបរទេសយល់ខុស និងធ្វើចលនាផ្តាច់មិត្តភាព ផ្តាច់ពាណិជ្ជកម្ម ផ្តាច់ទិញទំនិញពីញើសឈាមកម្មករ-កសិករ។ នេះជាសង្គ្រាមព័ត៌មានអាក្រក់បង្ខូចកេរ្ត៍ខែ្មរ ក្រោមហេតុផលនៃលទិ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើរថយក្រោយ។ ហើយពួកគេចាត់ទុកថា ពេលគេបង្ខូចកេរ្ត៍ឈ្មោះខែ្មរ និងធ្វើឲ្យកម្មករ-កសិករមានទុក្ខវេទនា នោះជាជោគជ័យរបស់គេ។ នេះជាសង្គ្រាមបំផ្លាញសេដ្ឋកិច្ចជាតិខែ្មរ គោលដៅគឺបង្កចលាចលសង្គម ឈានទៅរកសង្គ្រាមស៊ីវិលតែប៉ុណ្ណោះ។ បើមិនដូចនោះទេ ខែ្មរត្រូវតែឱនក្បាលក្រោមគំនាបបរទេសជាថ្មី»។
ដើម្បីទប់ស្កាត់ការសម្រេចបំណងរបស់ទណ្ឌិត សម រង្ស៊ី អគ្គនាយករូបនេះ បានអំពាវនាវសូមឲ្យប្រជាជនកម្ពុជា រួមគ្នាថែរក្សាសន្តិភាព ដែលរកបានមកវិញយ៉ាងលំបាកបំផុត ព្រមទាំងរួមគ្នាស្តារសេដ្ឋកិច្ច សង្គមវប្បធម៌ដ៍សំបូរបែបរបស់កម្ពុជាឡើងវិញក្រោយសង្គ្រាម។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ សារព័ត៌មាន Asia Times បានចេញផ្សាយថា ក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងសាធារណៈមួយរបស់អាមេរិក ឈ្មោះ Berlin Rosen ត្រូវបានក្រុមចលនាសង្រ្គោះជាតិនៅក្រៅស្រុក (CNRM) របស់លោក សម រង្ស៊ី ជួលឲ្យជួយរិះរកវិធី ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដែលទង្វើនេះត្រូវបានចាត់ទុកជា អំពើក្បត់ជាតិកាន់តែធ្ងន់ធ្ងរឡើង ដោយក្រុមអតីតថ្នាក់ដឹកនាំបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួនឯក្រៅប្រទេសនេះ។
លោក សម រង្ស៊ី តាមរយៈកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានប្រកាសទទួលស្គាល់ថាខ្លួនពិតជាបានជួលក្រុមហ៊ុនអាមេរិក Berlin Rosen ប្រាកដមែន។
លោក សម រង្ស៊ី បានអះអាងថា គ្មានអ្វីត្រូវលាក់បាំងទេ ព័ត៌មានទាំងអស់នោះសុទ្ធតែព័ត៌មានផ្សព្វផ្សាយជាសាធារណៈ ពួកគេជំនាញបច្ចេកទេសការទំនាក់ទំនង និងជំនាញខាងសរសេរអត្ថបទ ហើយមានទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលលើពិភពលោក ហើយអ្វីដែលពិសេសបំផុតនោះលោក សម រង្ស៊ី បានអះអាងច្បាស់ៗ និងមានមោទនភាពខ្លួនឯងថា ការដាក់ទណ្ឌកម្មលើកម្ពុជា គឺជាជោគជ័យរបស់លោក និងចលនាសង្រ្គោះជាតិ៕