(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ ជាថ្មីម្តងទៀត បានបញ្ជាក់ពីដំណឹងដ៏រីករាយជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងគ្រូបង្រៀនថា នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ខែមេសា ឆ្នាំ២០១៨ ជាខែដែលត្រូវដំឡើងប្រាក់ខែជូនមន្ត្រីរាជការម្តងទៀត ដោយប្រាកខែនោះទៀតសោតត្រូវបើកមុនបុណ្យចូលឆ្នាំខ្មែរ បូកបន្ថែមប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺរៀលថែមទៀត។

តាមរយៈ Facebook ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំក្នុងរាជធានីភ្នំពេញ សរុបប្រមាណ ៣,៨៣៩នាក់ នៅសាលមហោស្រពកោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «នៅតែ៦ថ្ងៃទៀតប៉ុណ្ណោះ គឺនៅខែមេសា ២០១៨ ខាងមុខនេះ ប្រាក់ខែមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូនឹងទទួលបានការដំឡើងប្រាក់ខែ ដែលត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបូកថែមប្រាក់ ៥ម៉ឺនរៀលទៀត»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមសូមអបអរសាទរ និងជូនពរមន្រ្តីរាជការ និងលោកគ្រូអ្នកគ្រូទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ដើម្បីលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រាជរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលការណ៍ ដំឡើងប្រាក់ខែជូនមន្ត្រីរាជការ២ដងក្នុង១ឆ្នាំ ដោយការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា គឺជាការដំឡើង អត្រាកំណើន១២% នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។

លោក យក់ ប៊ុនណា អ្នកនាំពាក្យក្រសួងមុខងារសាធារណៈធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា សម្រាប់ការដំឡើងប្រាក់ប្រៀវត្សលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ នឹងធ្វើឲ្យប្រាក់ខែរបស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាបបំផុតមានចំនួន៖

១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨
៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨

បៀវត្សអប្បបរមារបស់យោធិន និង មន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំង ប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងឈរនៅលំដាប់ទី៥ ក្នុងតំបន់អាស៊ានទាំង១០ប្រទេស ជាប្រទេសដែលមានប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធខ្ពស់ជាងគេ ដោយរាប់គិតចាប់តាំងពីមន្ត្រីថ្នាក់ទាបបំផុតឡើងទៅ៕