(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ សពរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំមកដល់ព្រលានយន្ដភ្នំពេញហើយ ដើម្បីបន្ដធ្វើបុណ្យតាមប្រពៃណី។ វត្តមាននៃការរង់ចាំទទួលសពរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន ក្រៅពីក្រុមគ្រួសារ គេសង្កេតឃើញមានវត្តជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលផងដែរ។
បន្ទាប់ពីដឹកមកដល់ព្រលានយន្តហោះរួចហើយ សពនឹងត្រូវដង្ហែរយកទៅតម្កល់នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ ដោយរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី មុនពេលដង្ហែរយកទៅបូជានៅមុខវត្តបុទុមតី នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕