(កំពង់ស្ពឺ)៖ ផ្សារត្រពាំងអំពិល ស្ថិតនៅថ្នល់ទទឹង ក្នុងស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះទាំងពាក់កណ្តាលយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ បណ្តាលឲ្យ បំផ្លាញតូបទាំងស្រុងចំនួន៣ និងតូបមួយទៀត ខូចខាតមួយចំនួន។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ។

លោកឧត្តមសេនីយ៍ស្នងការ ​បានបញ្ជាក់ថា អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០៖៣០នាទី ហើយរលត់ទៅវិញនៅវេលាម៉ោងជាង១១ ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ក្នុងនោះមានទាំងរថយន្តមកពីស្រុកអង្គស្នួល ខេត្តកណ្តាលផងដែរ។

លោកស្នងការបានបន្តថា អគ្គិភ័យបានឆាបឆេះតូបនៅខាង បើសិនជាឆេះនៅចំកណ្តាលផ្សារនោះ ច្បាស់ជាមានគ្រោះមហន្តរាយធ្ងន់ធ្ងរជាងនេះ ដោយសារពិបាកចូលទៅពន្លត់។

តាមការសន្និដ្ឋានជាជំហានដំបូង ត្រូវបានលោកស្នងការអះអាងថា អាចមកពីឆ្លងចរន្តអគ្គិសនី។ តូបដែលត្រូវឆេះបំផ្លាញទាំងស្រុងនោះរួមមាន៖ តូបលក់ទូរស័ព្ទចំនួន២ តូបលក់ខោអាវចំនួន១ និងតូបកាត់សក់មួយទៀតដែលឆេះខូចខាតមួយចំនួន។

នៅថ្ងៃនេះសមត្ថកិច្ច នឹងបន្តសួរនាំបន្ថែមទៀត ចំពោះទំហំនៃការខូចខាត៕