(ភ្នំពេញ)៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខាភិបាលនៅថ្នាក់ក្រោមជាតិ ក្រុមហ៊ុនជានកាងឈាវ (ខេមបូឌាន) បានផ្តល់អំណោយរថយន្តសង្រ្គោះបន្ទាន់ចំនួនពីរគ្រឿង ដែលមានបំពាក់ទៅដោយសម្ភាៈបរិក្ខាវេជ្ជសាស្ត្រទំនើបគ្រប់គ្រាន់ ដល់ក្រសួងពាណិជ្ជកម្មកម្ពុជា។
ពិធីប្រគល់ និងទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់ទាំងពីរនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងក្រុមហ៊ុន ជានកាងឈាវ (ខេមបូឌាន)។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តំណាងក្រុមហ៊ុនជានកាងឈាវ (ខេមបូឌាន) ដែលបានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ ជូនក្រសួងពាណិជ្ជកម្ម ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួមនៅមន្ទីរពេទ្យបង្អែក ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាពិសេសបម្រើសកម្មភាពមនុស្សធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿងនេះ មានសារៈសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋបានទាន់ពេលវេលា មិនថាមានឧបទេវហេតុអ្វីកើតឡើង គឺប្រជាពលរដ្ឋនៅក្នុងភូមិឃុំទាំង១៥ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម អាចហៅរថយន្តនេះ ដើម្បីទទួលបានសេវាសង្គ្រោះបន្ទាន់ និងការព្យាបាលផ្សេងៗគ្រប់ពេលវេលា៕