(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះលោកជំទាវ ជួន គឹម ដែលជាភរិយារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ឯម សំអាន ដែលនាយឧត្តមសេនីយ៍បានទទួលមរភាព ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។ នេះបើយោងតាមសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅល្ងាចថ្ងៃនេះ។
នៅសាររំលែកទុក្ខខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មរណភាពឯកឧត្តម ឯម សំអាន គឺជាការបាត់បង់ស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីស្រឡាញ់ស្មើជីវិតដែលបានបីបាច់ថែរក្សា និងផ្តត់ផ្គង់គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំណែនាំផ្តល់ដំបូន្មានល្អៗដល់កូនចៅ ក៏ដូចជាការបាត់បង់នូវកល្បាណមិត្តដែលធ្លាប់បានរួមសុខរួមទុក្ខជាមួយគ្នា ក្នុងការបំរើជាតិ និងប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា «ឯកឧត្តម គឺជាថ្នាក់ដឹកនាំ និងជាសកម្មជន១រូប នៃក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលបានរួមចំណែកជួយ កសាងសមិទ្ធផលសង្គមនានា ជួយលើកស្ទួយជីវភាពប្រជាជននៅតាមមូលដ្ឋានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ»។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕