(ព្រៃវែង)៖ លោក ជា សុគន្ធា អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាការកណ្ដា ស្រុកកំពង់ត្របែក និងក្រុមការងារចុះជួយការងារឃុំថ្កូវ បានអញ្ជើញជាអណៈអធិបតីភាព ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងកាត់ខ្សែបូរដាក់ឲ្យដំណើរការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ លោក ជា សុគន្ធា បានលើកឡើងថា «ប្រទេសជាតិមានសន្តិភាព ទើបមានការអភិវឌ្ឍន៍ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវ ចូលរួមក្នុងការថែរក្សាសន្តិភាព ដើម្បីការពារ នូវរាល់សមិទ្ធផលដែលយើងសម្រេចបានទាំងអស់គ្នា ដោយមិនត្រូវនាំប្រទេសជាតិឲ្យវិលត្រឡប់ទៅរកសង្គ្រាម ចម្បាំងរាំងជល់ជាថ្មីម្តងទៀតឡើយ»។
បើតាមរបាយការណ៍របស់អភិបាលស្រុក បានឲ្យដឹងថា សមិទ្ធផលនានាដូចជាផ្លូវលំ ប្រឡាយ ភ្លើងអគ្គិសនីនៅតាមបណ្ដាភូមិនេះ និងជួសជុលផ្លូវរួចរាលជាស្ថាពរ ដែលដាក់សម្ភោធឲ្យប្រើប្រាស់ នៅពេលនេះ មានប្រវែង៦៧០០ម៉ែត្រ ក្រាលគ្រួសក្រហម ឆ្លងកាត់ភូមិឬស្សី និងភូមិតាមូង ជាអំណោយក្រុមការងារចុះជួយឃុំថ្កូវ ចំណាយជាថវិកា ចំនួន៣៧០០០ដុល្លាអាមេរិក។
លោក ជា សុគន្ធា បានលើកថា ជាការពិតនៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩ ប្រទេសជាតិត្រូវបានកសាងឡើងវិញ ជាពិសេស នៅក្រោយដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨ រហូតមកទល់នឹងពេលនេះប្រទេស ជាតិយើងមានការអភិវឌ្ឍន៍ខ្លាំង គឺក្នុងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧%។
លោកថា «កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើនត្រូវបានកសាងឡើង ហើយប្រទេសជាតិ នឹងបន្តអភិវឌ្ឍន៍រីកចំរើនជាងនេះ ទៀតនៅពេលអនាគត។ ដូច្នេះដើម្បីទទួលបាននូវការអភិវឌ្ឍន៍ថ្មីៗ ចាំបាច់យើងទាំងអស់គ្នា ត្រូវបន្តរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងខិតខំរួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជាសម្រេចបាន នូវគោលដៅនៃការអភិវឌ្ឍន៍តាមការកំណត់របស់រាជរដ្ឋាភិបាល»។
លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រទេសជាតិជួបនូវអសន្តិសុខ អស្ថិរភាព ឬមានចម្បាំងរាំងជល់ កុំថាឡើយ មានការអភិវឌ្ឍន៍ សូម្បីតែការរក្សានូវអ្វីៗដែលយើងសម្រេចបានហើយនោះក៏មិន បានផង។ លោកបន្តថា ពិធីសម្ភោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់នូវផ្លូវ១ខ្សែនេះ ស្ថិតក្នុងឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ ដើម្បីទុកជាកន្លែងផ្តល់នូវវិស័យសាធារណៈ យ៉ាងសំខាន់ជូនបងប្អូន និងក្មួយៗ គឺជាសមិទ្ធផលទាំងនេះ គឺសូមធ្វើយ៉ាងណាជួយថែរក្សាទាំងអស់គ្នា។
ក្នុងឱកាសនោះលោក ជា សុគន្ធា និងក្រុមការងារ ជួយឧបត្ថម្ភថវិការបន្ថែមចំនួន១០លាន៨សែន៥ម៉ឺនរៀល ក្នុងនោះជួយចាកដីសាលាបឋមសិក្សាជាច្រើនកន្លែង ប្រគេនបច្ច័យដល់វត្តពោធិ៍វង្សហៅវត្ត(ថ្កូវ) ចំនួន៤លានរៀល និងចែកជូនលោកគ្រូអ្នកគ្រូម្នាក់ៗចំនួន១ម៉ឺន សិស្សានុសិស្ស៥០០០រៀលផងដែរ៕