(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់មានផែនការបោសសំអាតផ្ទៃដីឲ្យបាន១២០គីឡូម៉ែត្រក្រឡា ដែលត្រូវការថវិកាជំនួយប្រមាណ១៨លានដុល្លារ ក្នុងការគាំទ្រប្រតិបត្តិការ។

លោក ហេង រតនា បញ្ជាក់ថា រហូតដល់មកពេលនេះជំនួយ សម្រាប់ប្រតិបត្តិការបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស៊ីម៉ាក់ទទួលបានប្រមាណ១៥លានដុល្លារហើយ ពីម្ចាស់ជំនួយមានដូចជា ជប៉ុន អាមេរិក និងដៃគូមួយចំនួនទៀត។ ដោយទឹកប្រាក់នៅខ្វះមានប្រមាណពី២.៥លានដុល្លារទៅ៣លានដុល្លារទៀតប៉ុណ្ណោះ។​​​

ពាក់ព័ន្ធនឹងជំនួយរបស់អាមេរិកជួយដល់សកម្មភាពដោះមីនរបស់ស៊ីម៉ាក់ ត្រូវបានលោក ហេង រតនា អះអាងថា បានធ្លាក់ចុះប្រមាណ២០ភាគរយ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបានទទួលព័ត៌មានផ្លូវការពីរដ្ឋាភិបាលអាមេរិក ថាការដេញថ្លៃរបស់ស៊ីម៉ាក់ជាមួយ អង្គការ NPA គឺបានឈ្នះហើយ សម្រាប់អនុវត្តន៍គម្រោងរយៈពេល២ឆ្នាំ មានជំនួយ៤លានដុល្លារ ដែលស៊ីម៉ាក់នឹងទទួលបាន ថវិកាប្រមាណ៣.២លានដុល្លារ និងសល់ពីនោះ គឺអង្គការ NPA ជាអ្នកទទួល។ បើយើងប្រៀបធៀបចំនួននៃជំនួយដែលអាមេរិកជួយយើងនៅពេល គឺចំនួននេះបានថយចុះ ដោយគម្រោងមួយចំនួនអាមេរិក មិនបានបន្តទៀតឡើយ ដែលចំនួនថយចុះនេះប្រហែល២០ភាគរយ»

សូមជម្រាបថា ​ក្នុងឆ្នាំ២០១៧​ អង្គភាពស៊ីម៉ាក់ សំរេចបោសសំអាតដី មានបញ្ហាគ្រាប់មីន និងផ្ទៃដីចំការគ្រាប់បានចំនួន ៨,៦៣៦ហិចតា​ និងរុករកកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ័គ្រប់ប្រភេទបានចំនួន​៣៧,៤៤៨គ្រាប់៕