(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកាគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំឆ្លងផែនការសកម្មភាពរួម និងកម្មវិធីសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ឆ្នាំ២០១៨ នៅស្រុកលើកដែក។
លោកស្រីបានថ្លែង ទោះជាគ្មានអតីតគណបក្សសង្គ្រោះជាតិ (CNRP) ក៏នៅតែមានបក្សផ្សេងៗទៀតចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ នៅតែដំណើរដដែល។ ចំណែកមន្រ្តីបក្សគ្រប់ថ្នាក់នៅមូលដ្ឋានរបស់យើងវិញ គឺត្រូវគាំទ្រកម្មវិធីនយោបាយគណបក្ស និងត្រូវសកម្មក្នុងការបំពេញមុខងារ តាមតួនាទី ដើម្បីពង្រឹងរចនាសម្ពន្ធ័ ការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស គឺការចុះជួបគ្រួសារបក្សការចិញ្ចឹមចលនាបក្ស ការពង្រឹង ពង្រីកបក្ស និងការជំរុញសមាជិកបក្ស ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ។
លោកស្រី ឃួន សុដារី បានថ្លែងទៀតថា សូមមន្ដ្រីគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងមនសិការទទួលខុសត្រូវរបស់មន្ដ្រីជំនាញម្នាក់ៗ សហការគ្នារវាងថ្នាក់លើនិងថ្នាក់ក្រោម លុបបំបាត់បក្ខពួក អំពើពុករលួយ ពិសេសត្រូវធ្វើខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ដើម្បីដឹងច្បាស់ពីតំរូវការចាំបាច់របស់ពួកគាត់ ដែលមន្ដ្រីយើងត្រូវបំពេញបន្ថែម ។ លើសពីនេះ ត្រូវបន្ដលើកកម្ពស់ប្រសិទ្ធិភាព នៃការអនុវត្ដវិធានការ គោលការនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីគំាទ្រដល់គោលដៅកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបចំពោះតម្រូវការផលប្រយោជន៍ប្រចាំថ្ងៃ របស់ប្រជាជនគ្រប់ស្រទាប់ ពិសេសប្រជាជនមានប្រាក់ចំណូលទាប ឲ្យបានប្រសើរឡើង៕