(ភ្នំពេញ)៖ នៅទីបំផុតជនសង្ស័យឈ្មោះ នឹម ឈីន ដែលកំពុងល្បីក្នុងបណ្តាញហ្វេសប៊ុក ពាក់ព័ន្ធករណីបង្កហឹង្សាលើប្រពន្ធ ធ្វើទារុណកម្មផ្លូវភេទ ថតវីដេអូសិច និងគំរាមបង្ហោះវីដេអូជាសាធារណៈ ត្រូវបានបញ្ជូនចូលដល់ពន្ធនាគារជាស្ថាពរហើយ។
តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បើទោះបីជាបណ្តឹងនារីរងគ្រោះជាប្រពន្ធ និង ចម្លើយសារភាពបុរសជាប្តី ពុំស៊ីសង្វាក់គ្នា ហើយនារីរងគ្រោះ ពុំបានផ្តល់ភស្តុតាងជាក់លាក់និងការបំភ្លឺច្បាស់លាស់ ដល់សមត្ថកិច្ច ក៏អាវុធហត្ថរាជធានីភ្នំពេញ នៅតែប្រឹងប្រែងបន្តកសាងនិតិវិធី និងប្រមែប្រមូលភស្តុតាង សម្រាប់ដាក់បន្ទុកឲ្យធ្ងន់ធ្ងរចំពោះជនសង្ស័យជាប្តីមិនឲ្យរួចខ្លួនឡើយ ។
នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យករណី អំពើហឹង្សា ក្នុងគ្រួសារ (លើអនីតិសង្វាស) គំរាមបង្ហោះរូបភាពសិច អំពើទារុណកម្មផ្លូវភេទ ប្រើប្រាស់និងជួញដូរគ្រឿងញៀន ទៅ តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យក្រោមការត្រួតពិនិត្យពីបទទារុណកម្ម, អំពើឃោរឃៅ និងជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហើយជនសង្ស័យក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលដល់ពន្ធនាគារ ក្នុងមណ្ឌលអប់រំកែប្រែទី១(ព្រៃស) ក្នុងថ្ងៃទី២៣វេលាម៉ោង១៥៖០០នាទី នេះផងដែរ។
ព្រមជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញបានបដិសេធដាច់អហង្កា ចំពោះព័ត៌មាន Live តាមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែ០៣ ឆ្នាំ២០១៨ ដែលលើកឡើងថា «នារីរងគ្រោះមានការភ័យជាលើកទី៣ ក្រោយត្រូវប្តីកំណាចតែងតែគំរាមឲ្យអារប្រដាប់ភេទ និងប្រើហឹង្សាជាង១ឆ្នាំត្រូវអាវុធចាប់ខ្លួន បានទូរស័ព្ទមកគំរាម សម្លាប់មួយគ្រួសារ បើសិនជាគេរួចខ្លួន» គឺជាការបំភ្លើសការពិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ដោយសមត្ថកិច្ចអាវុធហត្ថបានលើកហេតុផលមួយចំនួន ជូនដល់សាធារណជនពិចារណា៖
១៖ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០/០៣/២០១៨ ក្រោយពេលឃាត់ខ្លួន សម្ភារៈនិងវត្ថុតាងជាប់ខ្លួនរបស់ជនសង្ស័យទាំងប៉ុន្មាន ត្រូវបានសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុដកហូតនិងរក្សាទុកយ៉ាងហ្មត់ចត់ ក្នុងនោះរួមមានទាំងទូរស័ព្ទដៃរបស់ជនសង្ស័យ ដែលមានលេខ ០៨៧ ៥៥៦ ៧៩៧ ក៏ត្រូវបានដកហូត មិនឲ្យប្រើប្រាស់ និងរក្សាទុកក្នុងបន្ទប់សុវត្ថិភាពចាក់សោរត្រឹមត្រូវ និងមានសមត្ថកិច្ចយាមប្រចាំការ ឃ្លាំមើល ជនសង្ស័យដែលឃុំខ្លួន បណ្តោះអាសន្នយ៉ាងយកចិត្តទុកដាក់ ដូច្នេះគ្មានហេតុផលណាមួយ ដែលជនសង្ស័យមានទូរស័ព្ទ អាចហៅទៅគម្រាមជនរងគ្រោះបាននោះឡើយ ហើយបើពិតជា អាចយកទូរស័ព្ទហៅទៅបានមែននោះ ម្ល៉េះសមរូបភាពវីដេអូរួមភេទ ដែលជនរងគ្រោះ និងជនសង្ស័យបានថតរក្សាទុកក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ ច្បាស់ជា ត្រូវបែកធ្លាយ បង្ហោះចែកចាយ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកជាក់ជាមិនខាន។
២៖ ជនរងគ្រោះគ្រាន់តែនិយាយដោយខ្លួនឯងថា ជនសង្ស័យបានទូរស័ព្ទទៅគំរាម តែមិនបានយកទូរស័ព្ទមកបង្ហាញអំពីលេខ ឬម៉ោង ដែលជនសង្ស័យបាន ទូរស័ព្ទទៅឡើយ។
៣៖ ជនរងគ្រោះ និងជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាមួយគ្នាជាង១ឆ្នាំមកហើយ (ជក់ក្នុងបន្ទប់ផ្ទះជួល) ហើយប្រហែល១ឆ្នាំមកនេះ ជនសង្ស័យតែងតែ ចំណាយលុយម្តងចំនួន២០ទៅ៦០ម៉ឺនរៀល ដើម្បីទិញគ្រឿងញៀន មកលក់បន្តនៅក្នុងបន្ទប់ជួលរបស់ខ្លួនផងដែរ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ពួកគេបាន ឈ្លោះគ្នា ហើយនៅថ្ងៃទី១៦ ខែមីនា ទើបជនរងគ្រោះចេញពីផ្ទះ នៅថ្ងៃទី១៧ ជនសង្ស័យបានឆាតវីដេអូរួមភេទទៅគំរាមឲ្យប្រពន្ធមកផ្ទះវិញ តែនៅថ្ងៃទី២០ ទើបជនរងគ្រោះ រត់ទៅប្តឹងដល់សារព័ត៌មាន ហើយក្រុមអ្នកសារព័ត៌មាន ក៏បាននាំជនរងគ្រោះមកជួបសមត្ថកិច្ច ហើយសមត្ថកិច្ចអាវុធហត្ថ ក៏ចុះអនុវត្តនាំខ្លួន ជនសង្ស័យ តាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ។ ប៉ុន្តែបណ្តឹងរបស់ជនរងគ្រោះនិងចម្លើយជនសង្ស័យ គឺមិនស៊ីសង្វាក់គ្នា ដោយមានចំណុចស្រពិចស្រពិល ជាច្រើន ជាពិសេស ជនរងគ្រោះ មិនមានភស្តុតាងច្បាស់លាស់មកបង្ហាញសមត្ថកិច្ចផងដែរ។
បើត្រឹមតែសម្តីតែម្ខាងៗ ដោយមិនមានមូលដ្ឋានច្បាប់ គ្មានភស្តុតាងនិងសាក្សីជាក់លាក់ នោះសមត្ថកិច្ចក៏មិនធ្វើការចោទប្រកាន់ នណាម្នាក់តាមតែចិត្តនោះឡើយ រីឯការជេរដៀលត្មេះសមត្ថិកិច្ចដោយគ្មានការពិចារណា និងមិនដឹងអំពីនិតិវិធី នៃច្បាប់ពុំមែនជាទង្វើត្រឹមត្រូវរបស់ពលរដ្ឋស្លូតត្រង់ ដែលរស់នៅក្នុងប្រទេស និតិរដ្ឋ នោះដែរ។ ពាក្យចាស់លោកពោលថា «ប្រទេសមានច្បាប់ គ្រួសារមានវិន័យ»៕