(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ នៃក្រុមការងារពិសេសថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការអធិបតេយ្យ តំណាងលោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានប្រចាំការនៃក្រុមការងារពិសេសថ្នាក់ជាតិ ទទួលបន្ទុកកិច្ចការ អធិបតេយ្យកម្ពុជា បានចុះសាកសួរសុខទុក្ខកងកម្លាំងយោធិន នៃវរសេនាតូចអន្តរាគមន៍ការពារព្រំដែនលេខ ៣៩៥ (អតីត ៤០១) ចំណុះយោធភូមិភាគ ៤ និងវរសេនាតូច នគរបាលការពារព្រំដែនលេខ១០៥ នៃអង្គភាពកងនគរបាលជាតិភូមិភាគ ៤ ដែលកំពុងឈរជើង នៅទិសព្រះវិហារ។
ពិធិសាកសួរសុខទុក្ខនេះ បានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍ការពារព្រំដែនលេខ ៣៩៥ នៅតំបន់មុំបី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលធំលេខ៣ និងលោកឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ផងដែរ។
ក្នុងនាមលោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ នៅក្នុងក្របខ័ណ្ឌ នៃសម្ព័ន្ធមេត្រីភាពដែលកំណត់ដោយរាជរដ្ឋាភិបាល គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែផ្តល់នូវការគាំទ្រជាប់ជាប្រចាំ តាមរយៈការចុះមកសាកសួរសុខទុក្ខបងប្អូនយើង ដល់ជំរុំបន្ទាយនៅសមរភូមិមុខដោយផ្ទាល់ ដោយនាំមកជាមួយនូវអំណោយជាសម្ភារៈ និងថវិកាជូនដល់កងទ័ព និងកងនគរបាល រួមទាំងអង្គភាព មិនដែលខាន ស្របតាមតម្រូវការជាក់ស្តែង។ លោកបានគូសបញ្ជាក់ថា ការជួយឧបត្ថម្ភគាំទ្រនេះ គឺដើម្បីជួយធ្វើឱ្យបងប្អូន យើងអាចឈរជើងកាន់តែរឹងមាំ និងអាចបំពេញនូវភារកិច្ចការពារជាតិប្រកបដោយប្រសិទ្ធភាព ហើយអង្គភាពកាន់តែមានការអភិវឌ្ឍ និងមានការប្រែប្រួលមុខមាត់ជាលំដាប់ ជាពិសេសបងប្អូន និងក្រុមគ្រួសារទាំងអស់ ក៏កាន់តែមានជីវភាពធូរធារ តាមរយៈការបង្កបង្កើនផលផ្សេងៗ។
លោកក៏បានលើកឡើងផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលតែងបានគិតគូរដល់សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំង និងក្រុមគ្រួសារទាំងអស់ជាប់ជាប្រចាំ តាមរយៈការដំឡើងប្រាក់បៀវត្សជាបន្តបន្ទាប់ រួមទាំងការហូបចុក ស្នាក់នៅ និងការហ្វឹកហ្វឹកហ្វឺនផងដែរ ដើម្បីលើកកម្ពស់ និងពង្រឹងចំណេះដឹង ជំនាញ សមត្ថភាព និងស្មារតីប្រយុទ្ធឱ្យកាន់តែមាំមួនក្លាំងក្លា នៅក្នុងបុព្វហេតុការពារជាតិ និងអធិបតេយ្យភាពជាតិឱ្យគង់វង្សមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត។
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខ រួមជាមួយនឹងការវាយតម្លៃខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន នាយនគរបាល និងពលនគរបាលទាំងអស់។ លោកបានបន្តលើកឡើងថា រាជរដ្ឋាភិបាលមិនដែលភ្លេច និងចង់ចាំជានិច្ចនូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់បងប្អូនចំពោះបុព្វហេតុការពារជាតិ។
នៅក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត និងប្រតិភូបាននាំយកនូវអំណោយជាសម្ភារៈ និងជាថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនដល់អង្គភាពទាំងពីរដែលជាសម្ព័ន្ធមេត្រីភាព ដែលរួមមាន៖ បារី មី ត្រីខ នំអន្សម ទឹកបរិសុទ្ធ ទឹកក្រូច ដឹកដោះគោ ស្ករស ថ្នាំពេទ្យ អង្ករ ប្រេងសាំង ប្រេងម៉ាស៊ូត អំពូលភ្លើង ខ្សែភ្លើង ស័ង្កសី ដែកគោល ស៊ីម៉ង់ត៍ ម៉ាស៊ីបូមទឹក ទុយោទឹក បន្ទះសូឡា អាគុយ កុងត្រូវល័រ GPS ម៉ូទ័រមូបទឹក កំព្យូទ័រយួរដៃ ម៉ូតូ ប្រាក់ឧបត្ថម្ភជូនយោធិន និងកម្លាំងនគរបាលម្នាក់ៗ និងអង្គភាពផងដែរ។
លោកវរសេនីយ៍ឯក អ៊ាម និត មេបញ្ជាការវរសេនាតូចអន្តរាគមន៍ការពារព្រំដែនលេខ ៣៩៥ និងលោកវរសេនីយ៍ឯក ញ៉ែម គ្រៀង មេបញ្ជការវរសេនាតូចនគរបាលការពារព្រំដែនលេខ ១០៥ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់ជួយទំនុកបំរុង និងជួយឧបត្ថម្ភនូវអំណោយជាសម្ភារៈនិងថវិកាយ៉ាងច្រើនសន្ទឹកសន្ធាប់ចំនួន ០២ដង ក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ ដល់អង្គភាពទាំងពីរ។
គួរបញ្ជាក់ដែរថា នៅកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ម្សិលមិញនេះ លោក វង្សី វិស្សុត និង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានដឹកនាំក្រុមការងារពិសេសថ្នាក់ជាតិទទួលបន្ទុកកិច្ចការអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ចុះបំពេញបេសកកម្មការងារនៅទិសខេត្តស្ទឹងត្រែងផងដែរ។ នៅក្នុងឱកាសនោះ ក្រុមការងារបានចុះសាកសួរសុខទុក្ខ និងបានពិនិត្យមើលស្ថានភាពជីវភាពជាក់ស្តែងរបស់កងទ័ព ដែលកំពុងឈរជើងនៅតំបន់ព្រំដែនកម្ពុជាឡាវ អូរអាល័យ និងអូរតាង៉ាវ នៅតាមអង្គភាពនីមួយៗ ព្រមទាំងបានពិនិត្យ និងសិក្សាផងដែរនូវការកសាងប្រព័ន្ធភស្តភាកម្មសម្រាប់បម្រើឱ្យយុទ្ធសាស្រ្តការពារ ព្រមទាំងសកម្មភាពសាងសង់ផ្លូវ ស្ពាន និងផ្ទះជូនគ្រួសារកងទ័ពផងដែរ៕