(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣,៨៣៩នាក់។ កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា លោកគ្រូ អ្នកគ្រូ ដែលជួបសំណេះសំណាលជាមួយសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃស្អែកនេះ គឺអញ្ជើញមកពីខណ្ឌជ្រោយចង្វា ខណ្ឌឫស្សីកែវ ខណ្ឌចំការមន និងខណ្ឌមានជ័យ។ ជំនួបថ្ងៃស្អែកនេះ ក៏មានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ ជាខ្មែរ-ឥស្លាមជាង១០០នាក់ មន្រ្តី និងបុគ្គលិកអប់រំ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោក រស់ សាលីន បានចាត់ទុកការជួបសំណេះសំណាលនៅថ្ងៃស្អែកនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ព្រមទាំងមន្ត្រី និងបុគ្គលិកអប់រំ ដែលបានខិតខំបំពេញការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
លោក សាលីន បានហៅការជួបសំណេះសំណាលនេះថា ជាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំ បន្ថែមពីលើការងារជាច្រើនដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំជាដើម ធ្វើឲ្យលោកគ្រូ អ្នកគ្រូទទួលបាននូវការផ្តល់តម្លៃខ្ពស់ពីសង្គម៕