(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងនាមប្រជាពលរដ្ឋកម្ពុជា និងសម្តេចផ្ទាល់ សូមចូលរួមរំលែកទុក្ខជូន លោកជំទាវ ជួន គឹម ចំពោះការទទួលមរណភាពរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងជន្មាយុ៧១ឆ្នាំ ដោយជរាពាធ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកថា «មរណភាពរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ឯម សំអាន ជាការបាត់បង់អ្នកដឹកនាំដ៏ឆ្នើមមួយរូប ដែលលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីពុះពារ ជំនះរាល់ឧបសគ្គគ្រប់បែបយ៉ាង ចូលរួមចលនាតស៊ូរំដោះប្រទេសជាតិ និងចូលរួមបម្រើមាតុភូមិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទទួលមរណភាពជន្មាយុ៧១ឆ្នាំ នៅម៉ោង៦៖៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨នេះ ដោយរោគាពាធ នៅមន្ទីរពេទ្យបំរ៉ុងរ៉ាត់ ទីក្រុងបាងកក ប្រទេសថៃ។
នាយឧត្តមសេនីយ៍ ឯម សំអាន ក៏ជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានកៀកស្នាជាមួយឥស្សរិយនយោបាយជាន់ខ្ពស់កម្ពុជាដ៏ទៃទៀត តស៊ូប្រយុទ្ធរំដោះជាតិពីរបបប្រល័យពូជសាសន៍ និងជាបន្ដបន្ទាប់ប្រឹងស្រោចស្រង់ និងអភិវឌ្ឍន៍ជាតិកម្ពុជា ពីស្ថានភាពដ៏សែនលំបាក ឆ្ពោះមករកវឌ្ឍនភាពមកដល់ពេលបច្ចុប្បន្ន៕