(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកប្រា បានរៀបចំពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី របស់គណបក្សប្រជាជនកម្ពុជា ចំនួន ២៦៦នាក់ ក្រោមវត្តមាន លោក ចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះពង្រឹង មូលដ្ឋានសង្កាត់ព្រែកប្រា និងលោក អ៊ុ ម៉ារ៉េត អនុប្រធានអចិន្ត្រៃយ៍ គណបក្សប្រជាជនខណ្ឌ ច្បារអំពៅ ។
ក្រោយពីតំណាងសមាជិកសមាជិកាថ្មី បានអាននូវពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានធ្វើការប្តេជ្ញាចិត្តរួចមក លោក ចេង មុនីរ៉ា ក្នុងនាម គណបក្សខណ្ឌច្បារអំពៅ បានលើកឡើងថា ការចូលរួមជាសមាជិកគណបក្សប្រជាជន របស់ប្អូនៗទាំងអស់ គឺជាជម្រើសដ៏ត្រឹមត្រូវ ក្នុងការរួមរស់ក្នុងជីវភាពនយោបាយ ព្រោះថាតាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្ន មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបានជួយសង្គ្រោះ រំដោះប្រទេសជាតិឲ្យរួចពីរបបប្រល័យពូជ សាសន៍ បន្តថែរក្សាសុខសន្តភាពជូនប្រជាពលរដ្ឋ និងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជាលំដាប់ ហើយគ្មានគណបក្សណាបានធ្វើការងារបម្រើប្រជាពលរដ្ឋឡើយ មានតែប្រើប្រាស់នយោបាយប្រជាភិថុត ដើម្បីបោកប្រាស់រកសម្លេងឆ្នោតពីប្រជាពលរដ្ឋ។ លោកប្រធានក៏បានផ្តាំផ្ញើ ដល់ប្អូនៗទាំងអស់ឲ្យ អនុវត្តខ្លួនជាយុវជនគម្រូ ជាទំពាំងស្នងឬស្សី ដើម្បីជាសរសរទ្រូង របស់ប្រទេសជាតិទៅថ្ងៃអនាគត។
លោក ចេង មុនីរ៉ា បានបន្តណែនាំដល់ប្អូនៗយុវជនដែលទើបត្រូវបានបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ សូមឲ្យធ្វើការណែនាំដល់មិត្តភ័ក្ត បងប្អូនរបស់ខ្លួន អំពីគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងត្រូវចៀសវាងការជឿលើពាក្យញុះញង់របស់គណបក្សប្រឆាំង ដែលមានគោលដៅ បំបែកបំបាក់ សាមគ្គីភាពរបស់គណបក្សយើង។
ជាមួយគ្នានោះដែរ លោក ចេង មុនីរ៉ា ក៏បានជូនជាវត្ថុអនុស្សាវរីយ៍ ជូនដល់សមាជិក គណបក្សថ្មី ទាំង ២៦៦នាក់ ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល ៕