(ភ្នំពេញ) ៖ រយៈពេលជាងមួយសប្ដាហ៍មកនេះ ក្រុមហ៊ុនរថយន្តក្រុងថ្មីទំនើប មេគង្គអ៊ិចប្រេស្ស នាពេលរាត្រី បានប្រកាសពីការបញ្ចុះតម្លៃពិសេសពី១២ដុល្លារ មកត្រឹម១០ដុល្លារក្នុងមួយសំបុត្រ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ពិសេសស្របតាមការសំណូមពរ ដ៏ប្រពៃថ្លៃថ្លា របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង។
ការប្រកាសចុះតម្លៃពិសេស ដល់អតិថិជនជាអ្នកដំណើរជាតិ និងជនបរទេសនេះ ធ្វើឡើងតាមការចង្អុលបង្ហាញ របស់អគ្គនាយកក្រុមហ៊ុនខេមបូឌា អេស៊ាត្រាវែល ដែលហៅកាត់ថា មេគង្គអ៊ិចប្រេស្សដែលស្របទៅតាមការគិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែធ្វើការសំណូមពរ មិនឱ្យក្រុមហ៊ុន រថយន្តក្រុងឯកជន ក៏ដូចរថយន្តឈ្នួលទាំងអស់ ដំឡើងថ្លៃលើសេវាធ្វើដំណើរនារដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនោះឡើយនិងសូមរក្សារតម្លៃធម្មតា បើមិនបានចុះថ្លៃទេ។
លោក ញឹម កលរស្មី នាយកប្រតិបត្តិ នៃក្រុមហ៊ុន ស៊ី អេ ធី មេគង្គអ៊ិចប្រេស្ស បានថ្លែងថា រថយន្តក្រុងទំនើបមេគង្គអ៊ិចប្រេស្សនាពេលរាត្រី បានបញ្ចុះតម្លៃពិសេសពី១២ដុល្លារ មកត្រឹម១០ដុល្លារក្នុងមួយសំបុត្រ។ ការទិញសំបុត្រធ្វើឡើងតាមវីងក៍បានរឺមកទិញផ្ទាល់នៅក្រុមហ៊ុនក៏បាន។ ក្រុមហ៊ុនបានប្រកាសចុះតម្លៃពិសេសនេះជាងមួយសប្ដាហ៍ហើយ ៗបន្តរហូតបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីតែម្តង។ លោកបន្តថា ការចុះតម្លៃមានពីរសណ្ឋាន គឺទី១ នៅពេលអ្នកដំណើរទិញសំបុត្រធ្វើដំណើរពេលរាត្រី ចុះតម្លៃចំនួន២ដុល្លារ។ តែបើទិញសំបុត្រធ្វើដំណើរពេលថ្ងៃតាមវីងក្តី ទិញនៅក្រុមហ៊ុនផ្ទាល់ក្តី ចុះតម្លៃ១ដុល្លារទេដោយមានសេវាផ្ដល់ទឹក កន្សែងដៃ និង នំដូចៗគ្នាដោយមិនគិតថ្លៃ។លើសពីនេះទៀត ថ្មីៗនេះក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងរួមគ្នាមួយដែលធ្វើឡើងរវាងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស និងធនាគារឯកទេសវីង។ លោកនាយកប្រតិបត្តិបាន ជឿជាក់ថា កម្មវិធីនេះនឹងជំរុញអតិថិជន ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ថ្មីមួយនេះបានកាន់តែច្រើនឡើងៗនិងបង្កភាពងាយស្រួល។
មេគង្គអ៊ិចប្រេស្ស បានផ្តល់សេវាធ្វើដំណើរជារៀងរាល់ថ្ងៃ ប្រកបដោយផាសុខភាពនិងសុវត្ថិភាពបំផុតនៅក្នុងរាជធានីភ្នំពេញ-សៀមរាប-បាត់ដំបង-ទីក្រុងហូជីមិញ-ទីក្រុងបាងកក និងកន្លែងជាច្រើនផ្សេងទៀត។ មេគង្គអ៊ិចប្រេស្ស ក៏បានផ្តល់ជូនសេវាដឹកជញ្ជូន VIP សម្រាប់អតិថិជនរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា ធនាគារឯកទេសវីង (ខេមបូឌា) ជាមួយនឹងក្រុមហ៊ុន ខេមបូឌា អេស៊ា ត្រាវែល ដែលហៅកាត់ថាមេគង្គអ៊ិចប្រេស្ស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រួចរាល់ហើយ ដើម្បីដាក់បន្ថែមសេវាទូទាត់សំបុត្ររថយន្ត មេគង្គអ៊ិចប្រេស្ស។ អនុស្សរណៈយោគយល់ ត្រូវបានចុះហត្ថលេខាដោយ លោក ញឹម កលរស្មី នាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា អេស៊ា ត្រាវែល និងលោក Jojo Malolos នាយកប្រតិបត្តិនៃធនាគារឯកទេសវីង (ខេមបូឌា) ។
ការសហការរវាងធនាគារឯកទេសវីង និងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស បានផ្តល់ដំណោះស្រាយឱ្យអតិថិជន ជាមួយការទូទាត់ ឬទិញសំបុត្រដោយផ្ទាល់ ដែលមានភាពច្នៃប្រឌិត និងងាយស្រួល តាមរយៈភ្នាក់ងារវីងដែលមានចំនួន ៥០០០ កន្លែង ទូទាំងប្រទេស ។កម្មវិធីស្មាតហ្វូនវីង លេខកូដ*989# វីងគិតលុយ និង តាមគេហទំព័ររបស់មេគង្គអ៊ិចប្រេស្សដោយប្រើគណនីវីង និងវីងអនឡាញម៉ាស្ទ័រកាត។ កិច្ចព្រមព្រៀងនេះ បានផ្តល់ភាពងាយស្រួលដោយមិនតម្រូវឱ្យមានការតម្រង់ជួរ កាត់បន្ថយការកកស្ទះ និងគុណសម្បត្តិជាច្រើនទៀត។ជាមួយនឹងដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត អតិថិជនអាចកក់សំបុត្រ គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនមានការកំណត់។ក្រុមហ៊ុនមានភាពជឿជាក់ថា ប្រតិបត្តិការនេះកំពុងផ្តល់ជំនឿចិត្ត ដែលអាចធ្វើទៅបានដល់ប្រជាជន ហើយក៏បានជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
លោក Jojo Malolos បានថ្លែងក្នុងពិធីចុះហត្ថលេខាថា នេះគឺស្របទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់ សេវាទូទាត់ចល័តដែលមានភាពរឹងមាំ និងមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងចំណាយ ដែលបានចូលរួមលើកកម្ពស់សេវាកម្មហិរញ្ញវត្ថុទៅដល់អ្នកដែលមិនមានគណនី ការកាត់បន្ថយវិសមភាពសង្គម ព្រមទាំងជាទឡីករ ជំរុញឱ្យមានភាពរីកចម្រើន។
លោក ញឹម កលរស្មី នាយកប្រតិបត្តិ នៃក្រុមហ៊ុន ស៊ី អេ ធី មេគង្គអ៊ិចប្រេស្ស បានអះអាងថា «យើងមានភាពរីករាយណាស់ដែលបានសហការជាមួយវីង ក្នុងការផ្តល់សេវាទូទាត់ ដោយមិនប្រើប្រាស់សាច់ប្រាក់ ដែលអាចជួយដល់កំណើននៃសេដ្ឋកិច្ច។ យើងជឿជាក់ថាភាពជាដៃគូនេះនឹងផ្តល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង ជាមួយនឹង សេវាកម្មដែលមានភាពរហ័ស និងងាយស្រួលក្នុងការប្រើប្រាស់។ នេះជាវិធីដែលងាយស្រួលបំផុត ដែលអ្នកអាចធ្វើបាន ដោយពុំចាំបាច់ទៅកាន់បញ្ជររថយន្ត ក្នុងការទិញសំបុត្រដោយផ្ទាល់»។ធនាគារឯកទេសវីង និងក្រុមហ៊ុនមេគង្គអ៊ិចប្រេស្ស មានគុណតម្លៃដូចគ្នា ក្នុងការស្វែងរកមធ្យោបាយដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ហើយជួយធ្វើឱ្យជីវិតរបស់ពួកគេកាន់តែមានភាពងាយស្រួល។ មិនត្រឹមតែប្រជាជនកម្ពុជាទេ សូម្បីតែជនបរទេស ក៏បានទទួលស្គាល់គុណតម្លៃនៃសេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលបានបង្ហាញយ៉ាងច្បាស់ តាមរយៈការទូទាត់សំបុត្ររថយន្តក្រុងទំនើបនេះតែម្ដង៕