(ភ្នំពេញ)៖ ក្នុងឱកាសបំពាក់ដៃសិប្បនិម្មិត និងផ្ដល់ប្រាក់ឧបត្ថម្ភ ដល់ជនពិការកំបុតដៃទាំងពីរ ពីសមាជិកថ្មីចំនួន៦នាក់ទៀត ដោយមូលនិធិឧកញ៉ាបណ្ឌិត ជា រតនា និងស្រី លីហៀក រតនា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ នាសណ្ឋាគារ Sun & Moon បានធ្វើឲ្យបងប្អូនជនពិការ និងគ្រួសារ រំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលពួកគាត់ កំពុងខ្វះខាតថវិកា ដើម្បីផ្គត់ផ្គង់សមាជិកគ្រួសារ ។
លោក នូ វុទ្ធី ដែលរស់នៅក្នុងខេត្ដបន្ទាយមានជ័យ និងជាជនពិការកំបុតដៃទាំងពីរ ក្នុងសមាជិកថ្មីចំនួន ៦នាក់នេះ បានឲ្យដឹងថា «ខ្ញុំរំភើបណាស់ថ្ងៃនេះ ដែលខ្ញុំបានទទួលថវិកាពីលោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកស្រី លីហៀក រតនា ដើម្បីជួយសម្រួលការលំបាក និងផ្ដល់ក្ដីសង្ឃឹមដល់គ្រួសារខ្ញុំជាថ្មីម្ដងទៀត ក្នុងការបង្កើតមុខរបររបស់ខ្ញុំចិញ្ចឹមមាន់ បន្ទាប់ការស្រែចំការនោះ ខ្ញុំអរគុណលោកឧកញ៉ា និងសប្បុរសជនជិតឆ្ងាយទាំងអស់ដែលបានជួយ និងលើកកម្ពស់ជនពិការដូចជាពួកខ្ញុំ» ។
លោកបានឲ្យដឹងទៀតថា «តាំងពីខ្ញុំត្រូវខ្សែភ្លើងឆក់ រហូតដល់កំបុតដៃទាំងសងខាងនេះ គឺជីវភាពរបស់ខ្ញុំសែនលំបាកណាស់ មិនអាចជួយរកថវិកាចិញ្ចឹមគ្រួសារហើយ ថែមទាំងមិនអាចហូបអីបានដោយខ្លួនឯងទៀត ហើយបើប្រពន្ធខ្ញុំ ក៏ស្ទើរតែអស់សង្ឃឹមក្នុងជីវិតដែរ ព្រោះគ្មានអ្វីពឹងពាក់បាននោះទេ តែពេលនេះ យើងមានក្ដីសង្ឃឹមសារជាថ្មីហើយ យើងនឹងយកថវិកានេះ ធ្វើជាដើមទុន មុខរបរថ្មី គឺចិញ្ចឹមសត្វ ដែលនឹងធ្វើឲ្យជីវិតយើងមានជីវភាពធូរធារឡើងវិញ » ។
ទន្ទឹមនឹងនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានថ្លែងផងដែរថា «មូលនិធិដែលយើងបានកៀរគរ ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីយកមកឧបត្ថម្ភ ផ្គត់ផ្គង់ ដល់ជនពិការ កំបុតដៃទាំងពីរនៅកម្ពុជា ដែលរហូតមកដល់ពេលនេះ ជនពិការជាច្រើនរយនាក់ហើយ ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិ របស់យើង ហើយពេលនេះ សម្រាប់ចំនួនសមាជិកជនពិការកំបុតដៃទាំងពីរ មានចំនួន២២៦នាក់ ហើយមូលនិធិយើង នៅតែបន្ដដំណើរការទៅមុខរហូត ដើម្បីជួយសម្រាលនូវទុក្ខលំបាក របស់បងប្អូនជនពិការ ទៅតាមតម្រូវការពួកគាត់ ពិសេស គោលបំណងសំខាន់របស់យើង គឺដើម្បីជំរុញលើកទឹកចិត្ដ ដល់ពួកគាត់ ឲ្យចេះបង្កើតមុខរបរថ្មីណាមួយដែលខ្លួនអាចធ្វើទៅបាន ដើម្បីចិញ្ចឹមជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរ»។
លោកឧកញ៉ា ជាក់ស្ដែង នៅថ្ងៃនេះ មានប្អូនជាសមាជិកជនពិការចាស់ម្នាក់ទៀតហើយ ដែលមានបំណងចិញ្ចឹមជ្រូក ដូច្នេះយើងក៏បានឧបត្ថម្ភថវិកា ចំនួន២លានរៀលសិន ដើម្បីឲ្យគាត់សាកល្បងក្នុងការចិញ្ចឹម តើគាត់អាចមានបទពិសោធន៍ចិញ្ចឹមបានឬទេ ចឹងបើគាត់អាចចិញ្ចឹមបាន យើងនឹងបន្ដផ្គត់ផ្គង់ជូនគាត់បន្ថែមទៀត។ ហើយមកទល់នឹងពេលនេះ មានបងប្អូនជនពិការយើង ទទួលបានជោគជ័យជាច្រើននាក់មកហើយ ដែលមានចិញ្ចឹម មាន់ ទា ជ្រូក គោ ក្របី និងមុខរបរសផ្សេងជាច្រើនទៀត ដែលមាននៅ ខេត្ដ ស្ទឹងត្រែង ព្រៃវែង កំពង់ធំ សៀមរាប និងបណ្ដាលខេត្ដមួយចំនួនទៀត។
ព្រមជាមួយគ្នានោះ លោកឧញ៉ាបណ្ឌិតជារតនា ក៏បានអំពាវនាវដល់បងប្អូន ដែលជាអ្នកប្រកបអាជីវកម្មទាំងឡាយណា ដែលពាក់ព័ន្ធនឹងអគ្គិសនី សូមមេត្ដា ប្រុងប្រយ័ត្ន ទៅតាមមុខវិជ្ជាជីវៈ ហើយបើយកគ្មានជំនាញសូមកុំធ្វើ ព្រោះវានឹងឆក់យកជីវិតយើង ឬធ្វើឲ្យយើងរបួស ដូចសមាជិកថ្មីយើងខាងលើចឹង កុំដោយសារតែថវិកាតិចតួច យើងចេះតែធ្វើនោះ ព្រោះវាធ្វើឲ្យខាតបង់ច្រើនណាស់ មិនត្រឹមតែខាតបង់ ក្នុងសមាជិកគ្រួសារទេ តែក៏ដល់សង្គមជាតិផងដែរ។ ដូច្នេះ សូមអំពាវនាវ ដល់មន្ដ្រីអាជ្ញាធរពាក់ព័ន្ធ នៅតាមមូលដ្ឋាន ចង់ធ្វើអ្វីមួយ ត្រូវមានចំណេះជំនាញច្បាស់លាស់ ។
លើសពីនោះ លោកឧកញ៉ាបណ្ឌិត ក៏អំពាវនាវដល់សម្បុរសជន ដែលបានជួយមកដល់មូលនិធិរបស់លោក សូមមេត្ដាបន្ដជួយ ដែលអាចធ្វើឲ្យមូលនិធិនេះ បន្ដសកម្មភាពនេះ ទៅមុខបន្ថែមទៀត យ៉ាងទូលំទូលាយ ដើម្បីជួយដល់ប្រជាជនកម្ពុជាយើង ។
គួរបញ្ជាក់ថា ថ្ងៃនេះ មូលនិធិឧកញ៉ា បណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានសហការជាមួយក្រុមការងាររបស់ Dr. Teri មកពីអង្ករ CHPAA បានឧបត្ថម្ភ និងពាក់ដៃសិប្បនិម្មិតជូនជនពិការកំបុតដៃទាំងពីរដូចខាងក្រោម៖
*ជនពិការកំបុតដៃទាំងពីរសមាជិកថ្មី ចំនួន៦នាក់ ម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល។
*សមាជិកចាស់ ២នាក់ ដែលមានបញ្ហាគ្រោះថ្នាក់ចរារណ៍ និបញ្ហាជីវភាព ម្នាក់ទទួលបានប្រាក់ ៥០ម៉ឺនរៀល និងម្នាក់ទៀតទទួលបាន ៧០ម៉ឺនរៀល។
*សមាជិកចាស់១នាក់ ទទួលបានដើមទុន ២លានរៀល ដើម្បីយកទៅចិញ្ចឹមជ្រូក។
*សមាជិកចាស់ និងថ្មី ៣នាក់ បានពាក់ដៃសិប្បនិម្មិត។
ក្នុងនោះ អ្នកជូនដំណើរជនពិការទាំង៩នាក់នេះ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ សម្រាប់សោហ៊ុយធ្វើដំណើរ ១០ម៉ឺនរៀល ៕