(បាត់ដំបង)៖ ដើម្បីឆ្លើយតប និងលើកទឹកចិត្តដល់សិស្សពូកែ នៃគម្រោង CCMA របស់អង្គការពុទ្ធិកុមារ, អភិបាលខេត្តបាត់ដំបង បានផ្តល់ប័ណ្ណសរសើរដល់សិស្ស២៥នាក់ ដែលទទួលជ័យលាភីមេដាយមាស និងពានរង្វាន់ការគិតលេខរហ័សទាំង២៥នាក់ ក្នុងចំណោមបេក្ខភាព១,០០០នាក់ ពីប្រទេសថៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមកនេះ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសណ្ឋាគារខេមរ៉ាបាត់ដំបង១ ក្រុងបាត់ដំបង ក្រោមវត្តមានលោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងមានចូលរួមពីទីប្រឹក្សាក្រសួងអប់រំ យុវជននិងកីឡា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ នាយកសាខាទាំង៩ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងបេក្ខជនជ័យលាភីចូលរួមសរុបជាង១០០នាក់។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក លឹម សុភា នាយកប្រតិបត្តិអង្គការពុទ្ធិកុមារបានឲ្យដឹងថា គម្រោង CCMA របស់អង្គការពុទ្ធិកុមារ បានបន្តធ្វើចាប់ពីឆ្នាំ២០០៥មក មានប្រវត្តិចេញពីអង្គការអន្តរជាតិបារាំង ដែលមានឈ្មោះថា អង្គការកុមារភៀសខ្លួនពិភពលោក(ERM) ដែលបានធ្វើសកម្មភាពនៅកម្ពុជានៅឆ្នាំ១៩៩៧រហូតឆ្នាំ២០០៥។
ក្រោយមក អង្គការនេះបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងបានបន្តបេសកកម្មរបស់ខ្លួនរហូតដល់សព្វថ្ងៃ ដែលមានសាខាចំណុះ៩សាខា ហើយបានបង្ហាត់បង្រៀនសិស្សឲ្យចេះពីវិធីគិតលេខរហ័សនេះ បានជាច្រើននាក់មកហើយ នាថ្ងៃខាងមុខនេះ អង្គការពុទ្ធិនឹងពង្រីកខ្លួនចំនួន៣០សាខាបន្ថែមទៀត នៅតាមបណ្តាខេត្តក្រុងនានាបន្តទៀតផងដែរ។
លោក លឹម សុភា បានបញ្ជាក់ថា បន្ទាប់ពីបានបណ្តុះបណ្តាលធ្វើឲ្យសិស្សមានភាពវ័យឆ្លាត ក្នុងគិតលេខរហ័សហើយ ជាក់ស្តែងកាលពីថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨កន្លងមកនេះ យើងបានបញ្ជូនសិស្ស ដែលមានអាយុពី៦ឆ្នាំដល់១៣ឆ្នាំ ចំនួន២៥នាក់នៅប្រឡង ប្រកួតប្រជែងគ្នានៅប្រទេសថៃ ដែលមានបេក្ខភាពចូលប្រកួត១ពាន់នាក់ ហើយសិស្សកម្ពុជា២៥នាក់ទៅប្រកួតនោះ គឺបានទទួលជ័យលាភី បានមេដាយមាសទាំង២៥នាក់ក្នុងនោះមានម្នាក់បានចំណាត់ថ្នាក់លេខ១ផងដែរ។
លោកនាយកប្រតិបត្តិបានបន្តថា «មិនតែប៉ុណ្ណោះគម្រោង CCMA នៃអង្គការពុទ្ធិកុមារ ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយយើងបាមចូលជាសមាជិកសម្ព័ន្ធ នៃសាលាគិតលេខរហ័សចំនួន២ ដែលមានសមាជិកមកពីជាង២០ប្រទេសលើពិភពលោក ហើយត្រូវបានគណៈគ្រប់គ្រងរបស់សម្ព័ន្ធ គិតលេខរហ័សអន្តរជាតិ (AIAMA)ជ្រើសរើសនិងតែងតាំងជាប្រធានសម្ព័ន្ធរបស់ (AIAMA) ប្រចាំនៅកម្ពុជាទៀតផង»។
នៅខែកក្កដាឆ្នាំ២០១៨ខាងមុខនេះគម្រោង CCMA នឹងត្រូវបានចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីបន្តទៀត ដើម្បីដណ្តើមជ័យលាភីជូនប្រទេសជាតិបន្ថែមទៀត ហើយបានជួយបណ្តុះបណ្តាលខួក្បាលកុមារឲ្យចេះមានភាពវ័យឆ្លាត មានធនធានមនុស្សល្អកាន់តែច្រើនឡើងមិនចាញ់បរទេសឡើយ។
លោក អ៊ុយ សុធាវី សូមសម្តែងអបអរសាទរ ដែលអង្គការពុទ្ធិកុមារនេះបានខិតខំប្រឹងប្រែង រកគន្លឹះបណ្តុះបណ្តាលខួរក្បាលកុមារដែលមានវ័យឆ្លាតបែបនេះ គឺធ្វើល្អណាស់សម្រាប់ទៅថ្ងៃអនាគត់ ក្នុងនាមរដ្ឋបាលខេត្ត និងមន្ទីរអប់រំខេត្ត សូមគាំទ្រនិងសហការកម្មវិធីនេះ ឲ្យមានការរីកចម្រើនបន្តទៀតកាន់តែប្រសើឡើង។
ក្នុងនោះដែរ គណៈអធិបតីបានចែកប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៍ដល់ពូកែទាំងអស់ ព្រមទាំងបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕