(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទការិយាល័យ អង្គភាព ស្ថាប័ននានាជុំវិញក្រុង ក្រុមប្រឹក្សាសង្កាត់ទាំង៣ ប្រមាណជា៦០នាក់ រួមទាំងភ្នាក់ងារអង្គភាព Fresh News គឺលោក កែម ចិន្តា ប្រចាំខេត្តបន្ទាយមានជ័យ ធ្វើដំណើរទស្សនកិច្ចឆ្ពោះទៅកាន់ក្រុងផាត់តាយ៉ា ខេត្តឈុនបុរី ប្រទេសថៃ រយៈពេល២ថ្ងៃ។
លោក សាន ស៊ានហូ បានថ្លែងថា ដោយមានការខិតខំប្រឹងប្រែងរិះរកវិធីណាមួយដើម្បីឲ្យក្រុងប៉ោយប៉ែតយើង មានការអភិវឌ្ឍន៍ឆ្ពោះ ទៅមុខកាន់តែខ្លាំង កាន់លឿន ដូច្នេះហើយយើងត្រូវឲ្យមន្ត្រីក្រោមឱវាទ ការិយាល័យ អង្គភាព ស្ថាប័ននានា ក្រុមប្រឹក្សាសង្កាត់ទាំង ៣សង្កាត់ មកដកស្រង់បទពិសោធន៍នានាក្នុងប្រទេសថៃ។
លោក សាន ស៊ានហូ បានបន្តថា «ហេតុតែយើងបានជ្រើសរើសយកខេត្តខាងលើនេះ ព្រោះខេត្តគេមានការអភិវឌ្ឍន៍យ៉ាងលឿនឆាប់រហ័ស និងគ្រប់វិស័យ ហើយយើងដកស្រង់បទពិសោធន៍ទាំងអស់នេះ មកបំរើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់យើង»។
បើតាមការរៀបរាប់ ពីអស់លោក លោកស្រីបានចូលរួមដំណើរទស្សនកិច្ចបានថ្លែងថា ពួកយើងសប្បាយខ្លាំងណាស់ដែលលោក សាន ស៊ានហូ បានយកចិត្តទុកដាក់ចំពោះពួកខ្ញុំ ហើយដំណើរទស្សនកិច្ចនេះ ជាលើកទី១សម្រាប់ពួកយើង។ ហើយយើងទាំងអស់គ្នា និងខិតខំប្រឹងប្រឺងដកយកបទពិសោធនានាក្នុងប្រទេសថៃ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសរបស់យើង និងតាមមូលដ្ឋានរបស់ខ្លួនដែលគ្រប់គ្រោង ហើយយើងយកបទពិសោធនទាំងអស់នេះ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋរផងដែរ។
ដំណើរទស្សនកិច្ចប្រកបដោយភាពសប្បាយរីករាយស្និតស្នាល និងការទទួលស្វាគមន៍ដោយយកចិត្តទុកដាក់ នូវសេវាពាក់ព័ន្ធតម្រូវការ នៃគណប្រតិភូយើងគឺភាគីថៃ បានសម្រួលឲ្យយ៉ាងឆាប់រហ័សទាំងអស់នេះ គឺដោយសារតែលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មានការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយភាគីថៃ «មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការណ៍អន្តរជាតិល្អ រវាងរដ្ឋបាលក្រុងប៉ោយប៉ែត និងរដ្ឋបាលស្រុកអរញ្ញប្រៈថេប ខេត្តស្រះកែវ ប្រទេសថៃ»៕