(កំពត)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ជានាយសេនាធិការចម្រុះ កងយុទ្ធពលខេមរភូមិ និងអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្នើឲ្យ អាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត រួមគ្នាធ្វើការងារជួយដល់អតីតយុទ្ធជនយុទ្ធជន ដើម្បីឲ្យក្រុមគ្រួសារអតីយុទ្ធជន មានភាពកក់ក្តៅ។
ការស្នើនេះ បានធ្វើឡើងក្នុងពីធីប្រកាសទទួលស្គាល់ លោកអភិបាលខេត្តកំពត ជាវ តាយ ជាប្រធានកិត្តិយស ស.អ.ក ខេត្តកំពត និងសំណេះសំណាលបំពាក់មេដាយ ជួនសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តកំពត នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៨នេះ ក្នុងសាលប្រជុំសាលាខេត្តកំពតចាស់។
នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជនដោយមិនប្រកាន់ឋានៈ នៅក្នុងសង្គម ពិសេសពេលមានការលំបាកជួបគ្រោះថ្នាក់ និងពេលទទួលមរណៈភាព។ ក្នុងឱកាសនេះដែរ លោកក៏បានស្នើសុំឲ្យអភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ជួយដោះស្រាយរឿង អតីតយុទ្ធជនក្រីក្រជាងគេ ដែលអត់មានលំនៅឋានចំនួន១៦គ្រួសារ នៅទូទាំងខេត្តធ្វើយ៉ាងណាឲ្យពួគាត់មានដី ឬទីលំនៅឲ្យមុន ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កាលពី១០ឆ្នាំមុន អតីតយុទ្ធជនខ្លះ ត្រូវរងចាំរយៈពេលពី៧ ទៅ១០ឆ្នាំ ទើបទទួលបានប្រាក់មរណៈភាព ៤លានរៀល ព្រោះត្រូវវិលជុំ អ្នកស្លាប់មុនទទួលបានលុយមុន អ្នកស្លាប់ក្រោយបានក្រោយបន្តគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះងាយស្រួលជាងមុន បើអតីតយុទ្ធជនស្លាប់ម្នាក់ ថវិកាឧបត្តម្ភ ត្រូវទៅដល់ភ្លាម ព្រោះយើងមានមូលនិធិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន សម្រាប់តម្កល់ថវិកា ទុកជូនដល់បងប្អូនអតីតយុទ្ធ។
នាយឧត្តមសេនីយ៍ ក៏បានលើកឡើងដែរថា កាលពីមុន រដ្ឋធ្លាប់ជំពាក់ថវិកាសន្តិសុខសង្គម (សម្រាប់បូជាសព) ដល់៦០០សព មកដល់ឥឡូវ លុយសន្តិសុខសង្គមនេះ យ៉ាងយូរពីរខែ ទាំងអស់នេះ ហើយដោយសារតែការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល គិតគូររឿងសុខទុក្ខ និងជីវភាពលំបាករបស់បងប្អូនអតីតយុទ្ធជន និងធ្វើឲ្យប្រសើរឡើងស្របគ្នាដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមរយៈការតម្លើងប្រាក់ សោធននិវត្តន៍ ការជួយឧត្តម្ភពេលជួបការលំបាកជួបគ្រោះថ្នាក់មានជំងឺ និងពេលធ្វើមរណៈភាព៕