(ព្រៃវែង)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងស្រះទឹក និងសមិទ្ធិផលនានានៅវត្តត្រាច ស្ថិតក្នុងបរិវេណវត្តត្រាច ភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងប្រធាន-អនុប្រធានក្រុមប្រឹក្សាស្រុក, តំណាងក្រុមការងារទាំង១១ឃុំ, ក្រុមប្រឹក្សាឃុំអង្គរទ្រេត លោកមេភូមិទាំង១៣, ប្រជាការពារ, យុវជនឃុំ និងភូមិ រួមទាំងប្រជាពលរដ្ឋសរុបចំនួន៥៥៨នាក់។
បន្ទាប់ពីអភិបាលស្រុកស្វាយអន្ទរ អានបាយការណ៍ស្វាគមន៍ និងសេចក្ដីរាយការណ៍អំពីសមិទ្ធផលការចំណាយរួចមក នាយឧត្ដមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ បានមានមតិសំណះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនបងប្អូនប្រជាពលរដ្ឋ ។
នាយឧត្តមសេនីយ៍ ក៏បានលើកពីភាពរីកចំរើនផ្នែកអាណាចក្រដូចជា៖ វិសយ័ហេដ្ឋារចនាសម្ព័ន្ធ, ស្ពានថ្នល់លំនៅដ្ឋាន, មន្ទីរពេទ្យ, សាលារៀន និងភាពរីកចំរើនផ្សេងៗទៀត...។ ដោយឡែក វិស័យពុទ្ធចក្រ សាសនាព្រះពុទ្ធក៏មានការរីកចំរើនយ៉ាងខ្លាំងដូចជា៖ វត្តអារាម ព្រះវិហារ កុដិ សាលាឆាន់ សាលាបុណ្យ ជាក់ស្ដែងដូចជា ការសម្ពោធសមិទ្ធផលស្រះទឹក និងសមិទ្ធផលនានា ក្នុងវត្តត្រាច ស្ថិតក្នុងភូមិវត្តត្រាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ថ្ងៃនេះផ្ទាល់។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា រាល់សមិទ្ធផល និងភាពរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ គឺបានមកដោយសារការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ ឈ្នះឈ្នះ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទទួលបានសន្តិសុខ សុវត្ថិភាពល្អទូទាំងប្រទេស ជាឱកាសផ្តល់ឲ្យការអភិវឌ្ឍប្រទេសជាតិមានភាពរីកចំរើនគ្រប់វិស័យ និងផ្តល់ឱកាសដល់កម្មករ-កម្មការិនី មានការងារធ្វើជាច្រើនសន្ធឹកសន្ធាប់៕