(ភ្នំពេញ)៖ ព្រឹត្តិការណ៍សន្និបាតបារខែម បានត្រឡប់មកវិញជាថ្មីម្តងទៀតហើយក្នុងឆ្នាំ២០១៨នេះ ជាមួយនឹងបារខែមអង្គរ ២០១៨ នៅក្នុងទឹកដីនៃខេត្តសៀមរាប។ បារខែម ជាព្រឹត្តិការណ៍សន្និបាត ដែលផ្តោតលើបច្ចេកវិទ្យា និងសហគ្រិនភាព ផ្តោតលើយុវជននិងការអប់រំ ព្រមទាំងជាពិព័រណ៍ការងារមួយផងដែរ។
មិនខុសពីឆ្នាំមុនៗឡើយ EZECOM បានបន្តចូលរួមជាអ្នកឧបត្ថម្ភធំមួយ (Gold Sponsor) នៃព្រឹត្តិការណ៍បារខែមអង្គរ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា ជាពិសេសក្នុងផ្នែកបច្ចេកវិទ្យា ការបណ្តុះគំនិតច្នៃប្រឌិត និងសហគ្រិនភាពទំនើប។ ក្រុមហ៊ុន EZECOM យល់យ៉ាងច្បាស់ថា សមត្ថភាពយុវជនគឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងសង្គមជាតិ ឆ្ពោះទៅរកភាពរីកចំរើនរុងរឿង។
លោក ហួង សុភ័ក្រ្តដារ៉ា ប្រធានផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន EZECOM បាននិយាយថា «EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតធំជាងគេមួយនៅកម្ពុជា និងមានការទទួលស្គាល់ក្នុងចំណោមក្រុមហ៊ុន អង្គការ-ស្ថាប័នជាច្រើន ដូច្នេះ យើងមានចំណាប់អារម្មណ៍ចំពោះវិស័យអប់រំ និងបច្ចេកវិទ្យាយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ យើងតែងចូលរួមឧបត្ថម្ភសន្និបាតបារខែម ព្រោះវាមានប្រយោជន៍ច្រើនសម្រាប់យុវជន និងអនាគតរបស់សង្គមជាតិយើង» ។
ក្នុងរយៈពេលតែពីរថ្ងៃ គឺនៅថ្ងៃទី ២៣-២៤ មីនានេះ វាគ្មិននិងអ្នកជំនាញជាជនជាតិខ្មែរ និងបរទេស នឹងចែករំលែកចំណេះដឹងលើប្រធានបទសរុបជិត ៤០ ដូចជា យុទ្ធសាស្រ្តភាពជោគជ័យនៃអាជីវកម្ម ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) សម្រាប់វិស័យបដិសណ្ឋារកិច្ច និងបច្ចេកទេសគេហទំព័រនិងការប្រើប្រាស់កម្មវិធី WordPress ជាដើម សំដៅផ្តល់ធាតុចូលមានប្រយោជន៍សន្ធឹកសន្ធាប់ដល់សិស្ស-និស្សិតនៅក្នុងតំបន់ផ្សេងៗនៃខេត្តសៀមរាប ដែលជាទិសដៅទេសចរណ៍លំដាប់ពិភពលោកមួយ។
ក្រុមហ៊ុន EZECOM សង្ឃឹមថា សិស្ស-និស្សិតទាំងឡាយ ទទួលបានធាតុចូលមានប្រយោជន៍ច្រើនពីសន្និបាតនេះ ព្រមទាំងបណ្តុះគំនិតអភិវឌ្ឍ គំនិតច្នៃប្រឌិតថ្មីៗ ដើម្បីការរីកចំរើនរបស់ខ្លួនឯងនិងក្រុមគ្រួសារ ជាពិសេសបន្តចែករំលែកចំណេះដឹងនេះទៅដល់មិត្តភ័ក្តិនិងអ្នកដ៏ទៃ ដើម្បីបង្កើតប្រយោជន៍ច្រើនដល់សង្គមជាតិ ៕