(កំពង់ស្ពឺ)៖ សត្វទន្សោងគោព្រៃឈ្មោលមួយក្បាល ដែលត្រូវគេបាញ់សម្លាប់នៅយប់ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ មានទម្ងន់ប្រមាណ៥០០គីឡូក្រាម ហើយជាសត្វកម្រស្ទើផុតពូជនៅកម្ពុជា។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ លោក កែវ សុធា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីមានវិធានការណ៍ចំពោះជនដៃដល់ និងអ្នកពាក់ព័ន្ធទាំងអស់។
សូមជម្រាបថា កម្លាំងសមត្ថកិច្ចបានប្រទះឃើញ ករណីសម្លាប់សត្វទន្សោងគោព្រៃ នៅវេលាម៉ោង២១៖៤០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភ្នំពពូល ក្នុងព្រៃសហគមន៍ចំរាក ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ សត្វដែលត្រូវគេបាញ់សម្លាប់។ មន្ត្រីកងរាជអាវុធហត្ថស្រុកថ្ពង បានឲ្យដឹងថា បង្កដោយជនមួយក្រុម រថយន្ត២គ្រឿង អាវុធ០២ដើម កែវឆ្លុះ០៤កែវ ត្រូវបានដកហូតពីក្រុមជនសង្ស័យ។
ជនដែលបានបាញ់សម្លាប់សត្វព្រៃ មានឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទៀប ខេត្តស្វាយរៀង ដកហូតរថយន្ត បានមួយគ្រឿង ម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2M-7435 សាច់ទន្សោង១២០kg ជើងមុខ០២ ភ្លៅក្រោយ០១។ ជនបង្ក និងវត្ថុតាង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជូនទៅ មន្ទីបរិស្ថានខេត្តកំពង់ស្ពឺ ហើយត្រូវកងរាជអាវុធហត្ថស្រុកថ្ពង និងរដ្ឋបាលព្រៃឈើ នគរបាលស្រុកបរិស្ថាន កំពុងចុះធ្វើកំណត់ហេតុ កន្លែងកើតហេតុ ដើម្បីបំពេញសំណុំរឿង បញ្ជូនទៅតុលាកាតាមនិតិវិធីច្បាប់។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ ជនបង្កត្រូវសាលាដំបូងខេត្ត សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅថ្ងៃទី២៣ ខែមីនាម្សិលមិញ ដើម្បីចាត់ការបន្ដ។
យ៉ាងណាមិញ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវ កុំឲ្យពលរដ្ឋសម្លាប់សត្វដ៏កម្រ ជាពិសេសសត្វ ដែលរស់នៅ ក្នុងដែនអភិរក្ស ជាក់ស្តែង ដូចជាករណីសម្លាប់សត្វទន្សោងគោព្រៃមួយក្បាល មានទម្ងន់រហូតដល់ខ្ទង់រយគីឡូក្រាម ជាបទល្មើស និងត្រូវទទួលទោសតាមច្បាប់ជាកំហិត៕