(ភ្នំពេញ)៖ មុខសញ្ញាជនសង្ស័យជានិស្សិត និងសិស្សវិទ្យាល័យចំនួន៤នាក់ ដែលតែងតែបានធ្វើសកម្មភាពញឹកញាប់ ក្នុងការឆក់ទូរស័ព្ទដៃ និងកាបូបស្ពាយ «ពោលគឺឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ» យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ចំនួន៨ករណីមកហើយនោះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដេញតាមស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបានហើយ និងដកហូតបានវត្ថុតាងមួយចំនួន ត្រៀមបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធី នៅថ្ងៃនេះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះថា ការតាមស៊ើបអង្កេតរហូតអាចឈាន ដល់ការបង្ក្រាបឃាត់ខ្លួនសិស្សនិស្សិត ជាមុខសញ្ញាឆក់យ៉ាងសកម្ម ទាំង៤នាក់ ខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា (ក្នុងអំពើលួចមានស្ថានទម្ថន់ទោស) ឆក់យ៉ាងសកម្មទាំង៤នាក់ មកធ្វើការសារសួរជាច្រើនម៉ោង ពួកគេបានឆ្លើយសារភាពម្នាក់ៗម្ដងថា កន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ «កាបូបស្ពាយ និងទូរស័ព្ទដៃ» ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ ចំនួន៨ករណីមកហើយ តាមដែលអាចចាំបាន និងបូករួមទាំងចាំមិនបានលើសពី៨ករណីទៅទៀត។

សកម្មភាពឆក់ទាំង៨លើកនេះរួមមាន៖
*លើកទី១៖ ឆក់កាបូបស្ពាយពណ៌ខ្មៅ ពីស្ត្រីម្នាក់ឈ្មោះ នួន ច័ន្ទ ផល្លា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បុខរបរបុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ២៥៧ ផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ក្នុងខណ្ឌដូនពេញ យកបានកុំព្យូទ័រយួរដៃម៉ាក ACER ១គ្រឿង ប្រាក់ចំនួន ៨១០ដុល្លារ ប្រាក់រៀល ចំនួន១០ម៉ឺន និងឯកសារមួយចំនួន នៅត្រង់ចំណុចខាងមុខផ្ទះលេខ៥៦៨ ផ្លូវលេខ១៦៨ ក្រុម១៨ ភូមិ៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នា២០១៨
*លើកទី២៖ ឆក់កាបូបយួរដៃដដែល ពីស្ត្រីម្នាក់ទៀតឈ្មោះ ស៊ុម ផល្លី អាយុ៤១ឆ្នាំ ជនជាតិខ្មេរ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៦ ផ្លូវលេខ៦១៨ ក្រុម៨៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចកណ្ដាលផ្លូវលេខ៦១៦ កែងផ្លូវលេខ២៨៧ ខាងមុខផ្ទះលេខ៣១ ក្នុងក្រុម៨៦ ភូមិ១៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក យកបានប្រាក់ ចំនួន៥០ម៉ឺនរៀល ប្រាក់ដុល្លារ៤០ ទូរស័ព្ទដៃ ចំនួន២គ្រឿង ម៉ាកiPhone x និងម៉ាក iPhone ៦ រួមនិងឯកសារមួយចំនួន
*លើកទី៣៖ កាលពីព្រលប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាស៧មករា ផ្លូវលេខ១២៨ ក្រុម២៣ សង្កាត់ទឺកល្អក់១ ខណ្ឌទួលគោក ពួកគេបានថ្វើសកម្មភាពឆក់កាបូបយួរដៃទៀត ពីស្ត្រីម្នាក់ទៀតជានិស្សិតឈ្មោះ សែ រដ្ឋា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ០៨OB ផ្លូវលំ ក្រុម២ សង្កាត់តឹកថ្លា ខណ្ឌសែនសុខ យកបានប្រាក់ ១០ម៉ឺនរៀល ចិញ្ជៀនផ្លាកទីន២វង់ ក្រវិលផ្លាកទីន១គូរ និងឯកសារមួយចំនួន
*លើកទី៤៖ ពួកគេនាំគ្នាឆក់ កាតាបស្ពាយម្ដង នៅចំណុចភ្លើងស្តុបផ្សារដេប៉ូ ក្នុងសង្កសត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ពីជនរងគ្រោះម្នាក់ទៀត តែមិនបានដាក់ពាក្យបណ្ដឹងនោះទេ
*លើកទី៥៖ កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខទីស្ដីការគណៈរដ្ឋមន្ត្រី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មិត្តភាព ខណ្ឌ៧មករា ពួកគេបានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃ) ពីជនរងគ្រោះម្នាក់ទៀត ដែលមិនបានដាក់ពាក្យបណ្ដឹងនោះទេ
*លើកទី៦៖ កាលពីយប់រំលងអាធ្រាតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ពួកគេបានធ្វើសកម្មភាព (ឆក់កាបូបដៃ) ពីជនរងគ្រោះម្នាក់ទៀត តែមិនបានដាក់ពាក្យបណ្ដឹងនោះទេ
*លើកទី៧៖ ពួកគេបានធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃទៀត) កាលពីព្រលប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ពីជនរងគ្រោះម្នាក់ទៀត ដោយមិនបានដាក់ពាក្យបណ្ដឹងនោះទេ
*លើកទី៨៖ ឆក់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្ទះលេខ៥៧ ផ្លូវលេខ១៦៣ ក្រុមទី២៤ ភូមិទី៣ សង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ទៀតថា ជនសង្ស័យជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្មទាំង៤នាក់ ដែលស៊ឺបអង្កេតបង្ក្រាបឃាត់ខ្លួនបានជាសិស្ស និងនិស្សិត ទី១-ឈ្មោះ ថៃ ពិសិដ្ឋ ហៅខ្ចៅ ភេទប្រុស អាយុ១៦ឆ្នាំ និស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទី២-ឈ្មោះ ហ៊ូ គីមហាប់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សថ្នាក់ទី១១A វិទ្យាល័យសន្ធរមុខ ស្នាក់នៅមិនពិតប្រាកដ ទី៣-ឈ្មោះ ស៊ឹម គឹមនិត ហៅធូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាសិស្សវិទ្យាល័យព្រែកឯង ថ្នាក់ទី១០C ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទី៤-ឈ្មោះ ធិន សេងហាក់ ហៅហាក់Z ហៅតួ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១២C២។

លោកនាយការិយាល័យបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាឆក់ ទាំង៤នាក់នេះ ដកហូតបានវត្ថុតាងមានម៉ូតូម៉ាកហុងដាប៊ីត ម៉ាស៊ីន ៩០០៣៤៤៩ ស្លាកលេខភ្នំពេញ ១GU-៩៨៤១ ម៉ូតូម៉ាក SUZUKI Nex ពណ៌ស សេរីឆ្នាំ២០១៨ មានលេខតួ ៣៣៤៦៦៣ ពាក់ស្លាកលេខ ភ្នំពេញ ១GY ១៤០២ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៨ មានលេខតួ និងលេខម៉ាស៊ីន ៥១៩៤៣៨៥ ពាក់ស្លាកលេខ ភ្នំពេញ ១GX ២៣៣៨ ជាមួយនិងវត្ថុតាងដែលដកហូតបានជារបស់ជនរងគ្រោះ មានកុំព្យូទ័រដៃ១គ្រឿងម៉ាក ACER ។

បច្ចុប្បន្នមុខសញ្ញាជនសង្ស័យជាសិស្ស និងនិស្សិតទាំង៤នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕