(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ មានការចូលរួមពី លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប លោកឧត្តមសេនីយ៍ស្នងការរងនគរបាលខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកអនុប្រធានសេនាធិការ លោកអនុប្រធានការិយាល័យកណ្តាល លោកអធិការក្រុង/ស្រុក កម្លាំងកងរាជអាវុធហត្ថក្រុង/ស្រុក លោកមេឃុំ លោកនាយប៉ុស្តិ៍ និងកងកម្លាំងនគរបាលស្រុក សរុប១៣៥នាក់។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងថា អាគារថ្មីដែលទើបសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ មានប្រវែងបណ្តោយ១៣,៥០ម៉ែត្រ ទទឹង៧ម៉ែត្រ និងមានបន្ទប់ធ្វើការចំនួន៣បន្ទប់ ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សរុបថវិកា១៥,០០០ដុល្លារ។
ក្នុងកម្មវិធីនោះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជួយឧបត្ថម្ភថវិកា២លានរៀល ស្រាបៀរ២០កេស និងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកា២លានរៀល ក្នុងកម្មវិធីផងដែរ៕