(ថៃ)៖ សាកលវិទ្យាល័យក្សេត្រសាស្រ្ត (កាសេតតាក់សាត) រាជធានីបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UI) មានកិត្តិយសជាទីបំផុតដោយមានរាជានុញ្ញាតពីព្រះអង្គម្ចាស់បណ្ឌិត អណោថៃ ឈុំមសាយ ( Professor Dr. M.L. ANOTHAI SOOMCHAI )ឲ្យចូលក្រាបបង្គំគាល់ ដោយមានការរៀបចំ និងសម្របសម្រួលពីលោកបណ្ឌិតវេជ្ជបណ្ឌិត ឃឿន ឌីណា ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន ដាណៃ ឃុំខាយ (DANAI KHOM KHAI (Thailand)Co.,Ltd ) កាលពីថ្ងៃសុក្រ ៧កើតខែចេត្រ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងការចូលក្រាបបង្គុំគាល់ នៅទីតាំងសាកលវិទ្យាល័យក្សេត្រសាស្រ្តដ៏ធំ នៃព្រះរាជាណាចក្រថៃឡង់ដ៍នេះ ព្រះអង្គម្ចាស់បណ្ឌិត អណោថៃ ឈុំមសាយ ព្រះអង្គរាជានុញ្ញាត និងប្រោសប្រទានទទួយកនូវការស្នើសុំតែងតាំងព្រះអង្គជា ព្រះរាជទីយោបល់ប្រឹក្សាជាន់ខ្ពស់ (Highest Senoir Advisor ) ដល់សាកលវិទ្យាល័យឥន្រ្ទវិជ្ជា (UNIVERSITY IF INDRAWICHEA ) លើវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងវិស័យសុខភាពសាធារណៈ។
សូមជម្រាបជូនផងដែរ នៅក្នុងពិធីដ៏មហោឡារិក នេះ ប្រតិភូពីសាកលវិទ្យាល័យឥន្រ្ទវិជ្ជា មានចំនួនពីររូបគឺ ឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា និងលោកបណ្ឌិតវេជ្ជបណ្ឌិត ឃឿន ឌីណា ដែលជាវេជ្ជបណ្ឌិត ផ្នែកសុខភាពសាធារណៈនៃសហរដ្ឋអាមេរិក និងជាទីប្រឹក្សាជាន់ខ្ពស់សាកលវិទ្យាល័យឥន្រ្ទវិជ្ជា ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ រីឯភាគីព្រះរាជាណាចក្រថៃឡង់ដ៍រួមមាន៖ ព្រះអង្គម្ចាស់បណ្ឌិត អណោថៃ ឈុំមសាយ ( Professor Dr. M.L. ANOTHAI SOOMCHAI ) , លោកបណ្ឌិត សុទ្ធសាយស៊ីន កែវរឿង (Ph.D. SUDSAISIN KAEWRUENG ) នាយកគម្រោងស្រាវជ្រាវក្សេត្រសាស្រ្ត និងជានាយកប្រតិបត្តិមហាវិទ្យាល័យស្រាវជ្រាវកសិកម្ម និងអភិវឌ្ឍន៏ជនបទ នៃមហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យក្សេត្រសាស្រ្ត, លោកបណ្ឌិតសុខេត ណកាសាធៀន ( Ph.D. SUKHET NAKASATHIEN ) ព្រឹទ្ធបុរស និងជាជំនួយការសាស្រ្តចារ្យ នៃសាកលវិទ្យាល័យក្សេត្រសាស្រ្ត និងលោក ម៉ានុន ឈឿនឈុំម (Ph.D MANOON CHUENCHOM) ជានាយកគ្រប់គ្រងនៃវិទ្យាស្ថានថែឡង់ដ៏-អាល្លឺម៉ង់ នៃព្រះរាជាណាចក្រថៃឡង់ដ៍។
សូមបញ្ជាក់ថា គោលដៅនៃបេសកកម្មមកកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ របស់លោកឧកញ៉ាបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា និងលោកបណ្ឌិតវេជ្ជបណ្ឌិត ឃឿន ឌីណា ជាទីប្រឹក្សាជាន់ខ្ពស់សាកលវិទ្យាល័យឥន្រ្ទវិជ្ជា នាថ្ងៃនេះ ក្នុងគោលបំណងដ៏ធំធេងមួយ គឺដើម្បីពិភាក្សាគ្នាជាមួយសាកលវិទ្យាល័យក្សេត្រសាស្រ្ត នៃព្រះរាជាណាចក្រថៃឡង់ដ៍ ក្រោមព្រះរាជតម្រិះសម្របសម្រួលអំពី ព្រះអង្គម្ចាស់បណ្ឌិត អណោថៃ ឈុំមសាយ ក្នុងគោលបំណងចុះកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យឥន្រ្ទវិជ្ជា លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលអាចស្រូបទាញយក សិស្ស និស្សិត និងកម្មកររាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០១៨នេះតទៅ ៕