(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគចំណីអាហារគ្រប់ប្រភេទ ពិសេសបងប្អូននៅតាមសហគមន៍ ឬតាមជនបទ កុំពិសាស្រា.ស ដែលផលិតដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច និងមិនដឹងមកពីប្រភពច្បាស់លាស់នោះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញបើកមហាសន្និបាត សមាគមគ្រូពេទ្យ ត្រចៀក បំពង់ក សល្យសាស្ដ្រក្បាល និងក កម្ពុជា អណត្ដិទី៨ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ នាសណ្ឋាគារភ្នំពេញ។
រដ្ឋមន្ដ្រីបន្ដថា «កន្លងមកយើងបានឃើញហើយថា ប្រជាជនយើង នៅតាមបណ្ដាលខេត្ដ ភូមិស្រុក ឬតាមសហគមន៍ ជានិច្ចកាលពួកគាត់ទទួលទានស្រា.សរួចហើយ ពុលតែម្ដង ដោយសារស្រា.សនេះ គាត់ទិញមកពិសា មិនដឹងប្រភពច្បាស់លាស់ថា ធ្វើនៅទីណា និងផលិតដោយគ្មានការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច ដូច្នេះស្រា.សនោះ គឺសុទ្ធតែមានលាយជាតិមេតាណុលនៅក្នុងនោះផងដែរ។ ក្រៅពីហ្នឹង ដើម្បីការពារកុំឲ្យពុលអាហារ គឺត្រូវទុកដាក់ និងសម្អាតម្ហូបអាហារ ឲ្យមានអនាម័យ កុំទុកឲ្យជូរផ្អូម ព្រោះវាមានមេរោគដែលបណ្ដាលឲ្យរាកក្អូត ជាងនេះទៅទៀត សម្រាប់អាហារបន្លែ សាច់ស្រស់ៗសូមលាងសម្អាត និងគ្របទុកកុំឲ្យមានរុយរោមផងដែរ»។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ដ្រីក៏ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋ ក្នុងរដូវក្ដៅនេះ ដែលបម្រែបម្រួលអាកាសធាតុ ដោយមានភ្លៀងធ្លាក់រអាក់រអួល ដូច្នេះសូមបងប្អូន ត្រូវប្រុងប្រយ័ត្ន ចំពោះសុខភាព ពិសេសកុំឲ្យមូសខ្លាខាំ ដែលបណ្ដាលឲ្យមានជំងឺគ្រុនឈាម ខណៈឆ្នាំនេះ ជាឆ្នាំនៃការផ្ទុះឡើងនូវវដ្ដជំងឺគ្រុនឈាម ហេតុនេះសូមសម្អាតជុំវិញបរិវេណផ្ទះរបស់ខ្លួន កុំឲ្យមានជម្រកមូសខ្លា ត្រូវគេងក្នុងមុង សម្រាប់កុមារ ត្រូវស្លៀកពាក់ខោអាវដៃវែងជាប្រចាំ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រសួងសុខាភិបាល ក៏បានបើយុទ្ធនាការរួចហើយ នឹងកំពុងធ្វើបន្ដទៀត ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជំងឺគ្រុនឈាមនេះ៕