(ភ្នំពេញ)៖ ស្របពេលប្រទេសកម្ពុជា កំពុងអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យអចលនទ្រព្យ និងសំណង់ ពិសេសផ្សារទំនើបៗជាច្រើនកន្លែង កំពុងរីកឡើងដូចផ្សិតនោះ, នៅថ្ងៃទី២៤ ខែមីនា ឆ្នំា២០១៨ ផ្សារទំនើបថ្មីមួយទៀត ដែលវិនិយោគដោយកូនខ្មែរ នូវទឹកប្រាក់ជាង៦០លានដុល្លារ មានទីតាំងនៅបណ្តោយមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ លើផ្ទៃដី៦ហិកតា។
ពិធីបញ្ចុះបឋមសិលាសាងសង់ផ្សារទំនើបនេះ ក្រោមអធីបតីភាព លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង និងមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប រួមជាមួយភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
ផ្សារទំនើបថ្មីដែលមានឈ្មោះ «ផ្សារទំនើប PH Diamond Place» នេះវិនិយោគដោយក្រុមហ៊ុន ប៉េងហួត គ្រុប។
លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយកក្រុមហ៊ុន ប៉េងហួត គ្រុប បានថ្លែងថា គម្រោងផ្សារទំនើប PH Diamond Place ជាផ្នែកមួយនៃគម្រោងការអភិវឌ្ឍចម្រុះ The Star Diamond នេះដែលស្ថិតនៅតាមបណ្តោយ មហាវិថីសម្តេចតេជោ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិចតា ដោយមានការអភិវឌ្ឍសំណង់លំនៅឋានប្រណិតៗ ការអភិវឌ្ឍខុនដូ ការិយាល័យខ្ពស់ៗ សាលសន្និសីទ ឬសាលសម្រាប់រៀបចំអាពាហ៍ពិពាហ៍ជាដើម។
លោកឧកញ៉ាបញ្ជាក់ថា ផ្សារទំនើបថ្មីនេះ ត្រូវបានវិនិយោគជាទឹកប្រាក់ជាង៦០លានដុល្លារអាមេរិក លើផ្ទៃដីជិត៦ហិចតា នឹងផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងបទពិសោធន៍ផ្សារទំនើបស្តង់ដារអន្តរជាតិ ដែលមានសក្តានុពល។ ផ្សារទំនើបនេះ មានផ្ទៃសំណង់សរុបជាង៦ម៉ឺន ២ពាន់ម៉ែត្រការ៉េ និងផ្ទៃជួលជិត៣ម៉ឺនម៉ែត្រការ៉េ ព្រមទាំងចំណតឡានចំនួន២,៦៧១ចំណត និងចំណតម៉ូតូមានចំនួន៩៥២ចំណត ហើយគម្រោងនេះនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានរំលឹកពីអតីតកាលថា បន្ទាប់ពីទទួលបានជ័យជំនះលើរបបដ៏ខ្មៅងងឹតមកកម្ពុជា មិនទាន់មានផ្សារទំនើបៗ សំណង់អគារប្រណិតៗ នៅឡើយទេ ដោយបន្សល់ទុកតែខ្មោចអគារ ដែលត្រូវកម្ទេចចោលកាលពីសង្គ្រាម។ ដោយឡែកចំពោះផ្សារវិញ គឺអត់មានជណ្តើរយន្ត អត់ដំបូល មានតែផ្សារក្រមួន ហើយមានលក់តែព្រលឹត ត្រកូន ផ្កាកំផ្លោកប៉ុណ្ណោះ។
លោក ជា សុផារ៉ា បានបន្តថា កាលណោះនៅទីក្រុងភ្នំពេញ គេឃើញមានតែផ្សារញ៉ែ ផ្សារតាប៉ាង ដែលជាផ្សារថ្មី នៅក្នុងទីក្រុងហើយផ្លូវចេញ-ចូលវិញ មានការលំបាកយ៉ាងខ្លាំង បើមានភ្លៀងធ្លាក់វិញអាចលេចរថយន្តផងដែរ។ ប៉ុន្តែនិយាយដល់ពេលបច្ចុប្បន្ននេះវិញ គ្មានអ្នកណានឹកស្មានថា មានការអភិវឌ្ឍលឿនដូចនេះនោះ ទាំងនេះ គឺជាការខិតខំប្រឹងប្រែងដឹកនាំប្រទេសជាតិ ពីបាតដៃទទេ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលតស៊ូជម្នះគ្រប់កាលៈទេសៈ ដើម្បីនាំមកនូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោក ជា សុផារ៉ា បានបញ្ជាក់ថា ការបង្កើតផ្សារទំនើបនេះ ជាផ្នែកមួយដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចម្រើន ដោយឈរលើសក្តានុពលកម្លាំងពលកម្ម នៅក្នុងស្រុក ហើយបានស្រូបយកធនធានមនុស្ស សិស្ស និស្សិតខ្មែរ ដែលមានសមត្ថភាព ឲ្យមកបំពេញការងារលើវិស័យនេះផងដែរ។
សូមជម្រាបថា កម្ពុជាបច្ចុប្បន្ន ពិសេសរាជធានីភ្នំពេញ មានផ្សារទំនើបជាច្រើនកន្លែងបានរីកដុះដាលឡើង ដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបម៉ាក្រូ និងផ្សារទំនើបជាច្រើនទៀត៕