(ក្រចេះ)៖ អគ្គិភ័យដ៏កំណាចមួយ លេបត្របាក់ផ្ទះពលរដ្ឋលក់ឥវ៉ានចាប់ហួយចំនួន៣ខ្នង ខូចខាតទ្រព្រសម្បត្តិអស់ប្រមាណជិត ២០ម៉ឺនដុល្លារអាមេរិក ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោកឧត្តមសេនីយ៍ត្រី ច្រឹង ផល្លី ស្នងការរងទទួលការងារអគ្គីភ័យ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមាន៖ ទី១-ឈ្មាះ ទុយ បូរ ភេទប្រុស អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មាះ ដា នី ឆេះផ្ទះចំនួន ២ខ្នងផ្ទះទាំងស្រុង (មានទំហំ៧ម៉ែត្រX១៦ម៉ែត្រ និងមួយទៀតទំហំ៧,៣០ម៉ែត្រX១២ ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង)។ សម្ភារៈខូចខាតរួមមាន៖ មាស១០ដំឡឹង, ប្រាក់ដុល្លារ៤០,០០០ដុល្លារ, ប្រាក់រៀល ៨០លានរៀល, ម៉ូតូ១គ្រឿង និងគ្រឿងទេសក្នុងផ្ទះសម្រាប់លក់ គិតជាប្រាក់ដុល្លាប្រហែលជាង១០ម៉ឺនដុល្លារ។ ម្ចាស់ផ្ទះរងគ្រោះទី២-ឈ្មាះ ខ្វង ស្រីនាង ភេទស្រី អាយុ៣៤ឆ្នាំ និងប្តីឈ្មោះ ម៉េង សាមុត អាយុ៣៧ឆ្នាំ ឆេះផ្ទះទំហំ៧ម៉ែត្រX១២ម៉ែត្រទាំងស្រុង សម្ភារៈខូចខាតសរុបប្រហែល ៦ពាន់ដុល្លារ។

លោក ច្រឹង ផល្លី បានបន្តទៀតថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះ គេពុំដឹងមូលហេតុពិតប្រាកទេ គ្រាន់តែដឹងថា ភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះដាក់ស្រូវមួយ ដែលម្ចាស់មិននៅ និងរីករាលដាលឆេះទាំងស្រុងតែម្តង។ លោកបញ្ជាក់ទៀតថា ករណីនេះប្រើប្រាស់រថយន្តអគ្គិភ័យចំនួន៣គ្រឿង ដែលស្នងការដ្ឋាន ២គ្រឿង និងរថយន្តអធិការដ្ឋានស្រុកចិត្របូរី១គ្រឿង ប្រើប្រាសទឹកចំនួន២០រថយន្ត និងគ្មានមនុស្សរងរបួស ឬស្លាប់ទេ ហើយក្នុងប្រតិបត្តិការនេះ បានបន្តកើតឡើងរហូតដល់ម៉ោង ៥៖៣០នាទីភ្លឺ ទើបរលត់ទាំងស្រុង។

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជុំវិញករណី គ្រោះអគ្គីភ័យខាងលើ ហើយអាជ្ញាធរក៏បានរៀបចំ និងនាំយកសម្ភារៈផ្តល់ជូនជនរងគ្រោះដើម្បីជួយដោះស្រាយការលំបាកជាបណ្តោះអាសន្នផងដែរ៕