(ភ្នំពេញ)៖ បញ្ហាអាកាសធាតុ បានក្លាយជាឧបស្គ សម្រាប់ប្រជាកសិករដាំដំណំម្រេចនៅខេត្តកំពត ដោយឆ្នាំនេះទិន្នផលម្រេចកំពត ប្រឈមនឹងការធ្លាក់ចុះ។ ប៉ុន្តែបើទោះប្រឈមមុខធ្លាក់ចុះទិន្នផលក្តី ក៏បានប៉ះពាល់ដល់ការនាំចេញនោះដែរ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ឆ្នាំនេះម្រេចកំពតហាក់ធា្លក់ចុះនូវទិន្នផល ព្រោះឆ្នាំនេះម្រេចមិនសូវមានផ្លែដូចរាល់ឆ្នាំ។ លោកថា បើកាលពីឆ្នាំ២០១៧ សមាគមប្រមូលផលបានប្រមាណជាង១០០តោន ប៉ុន្ដែក្នុងឆ្នាំនេះ បើតាមការព្យាករអាចប្រមូលផល បានប្រហែលជា៧៥តោនប៉ុណ្ណោះ។
លោកបញ្ជាក់ទៀតថា «ទោះបីជាម្រេចក្នុងឆ្នាំនេះមានការធ្លាក់ចុះទិន្នផលពិតមែន តែនេះមិនមែនជាបញ្ហាចោទ ដែលត្រូវភ័យខ្លាចផ្គត់ផ្គង់ទីផ្សារមិនគ្រប់គ្រាន់នោះឡើយ ព្រោះថាកាលពីឆ្នាំ២០១៧ យើងចរាចរណ៍ម្រេចបានត្រឹមតែ៦៧តោនតែប៉ុណ្ណោះមានន័យថា ប្រសិនបើម្រេចក្នុងឆ្នាំ២០១៨នេះ ផ្គត់ផ្គង់មិនគ្រប់គ្រាន់ យើងអាចជំនួសម្រេចក្នុងឆ្នាំ២០១៧បន្ថែមទៀត។ មួយវិញទៀតបច្ចុប្បន្ននេះ ដៃគូចែកចាយម្រេចហាក់ មានតិចនៅឡើយ
ហើយខាងសមាគម ក៏បាននឹងកំពុងរកដៃគូចែកចាយឲ្យបានច្រើនបន្ថែមទៀត ដើម្បីចរាចរណ៍ផលិតផលឲ្យអស់ពីស្ដុក»។
ប្រធានសមាគមរូបនេះ បានឲ្យដឹងទៀតថា ឆ្នាំនេះតម្លៃម្រេចកំពតមិនខុសពីឆ្នាំមុនទេ ដោយម្រេចខ្មៅតម្លៃ១៥ដុល្លារក្នុង១គីឡូក្រាម, ម្រេចក្រហមតម្លៃ២៥ដុល្លារក្នុង១គីឡូក្រាម និងម្រេចស តម្លៃ១៨ដុល្លារក្នុង១គីឡូក្រាម។ នេះជាឆ្នាំទី៤ហើយដែលសមាគមបាន
លក់ក្នុងតម្លៃថេរ។ ទីផ្សារម្រេចកំពតធំជាងគេ គឺនៅទីផ្សារអឺរ៉ុប, ជប៉ុន, អាមេរិក, កូរ៉េខាងត្បូង, តៃវ៉ាន់ និងហុងកុងជាដើម។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ សមាជិករបស់សមាគម បានកើនឡើងរហូតដល់៤៤០គ្រួសារ។ ចំណែកឯអ្នកចែកចាយ ក៏បានកើនឡើងរហូតដល់២៩ក្រុមហ៊ុនផងដែរក្នុងឆ្នាំនេះ។ រីឯផ្ទៃដីដាំម្រេចក៏បានកើនឡើង រហូតដល់២៥០ហិកតា ដែលមានទីតាំងនៅក្នុងខេត្តកំពត និងខេត្តកែប។
ម្រេចកំពតត្រូបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នៅឆ្នាំ២០១០ ហើយនៅឆ្នាំ២០១៦ ក៏បានចុះចុះបញ្ជីនៅសហភាពអឺរ៉ុប និងប្រទេសវៀតណាមផងដែរ៕